(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាប្រធានក្រុមហ៊ុន Khmer Real Estate បានថ្លែងថា ក្រុមហ៊ុនរបស់លោកកំពុងតែជំរុញអ្នកមានបរទេស ឲ្យចូលមកទិញខុនដូ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញដល់ចរន្តសេដ្ឋកិច្ចជាតិ។
អ្នកជំនាញវិស័យអចលនទ្រព្យ បានថ្លែងបែបនេះ ក្នុងឱកាសដែលក្រុមហ៊ុនរបស់លោកសហការជាមួយ Urban Village រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា «VIP business networking event» នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា «VIP business networking event» គឺជាព្រឹត្តិការណមួយជាទម្លាប់ តែងតែត្រូវបានរៀបចំដើម្បីជួបជុំគ្នាមួយ រវាងអ្នកលក់ និងអ្នកទិញ។
លោកបន្តថា ព្រឹត្តិការណ៍នេះ បានអញ្ជើញមនុស្សប្រហែលជា១៥០នាក់ មានទាំងជនជាតិខ្មែរ មានទាំងជនជាតិចិន មានទាំងជនជាតិថៃ មានទាំងជនជាតិវៀតណាម មានទាំងជនជាតិម៉ាឡេស៉ី ហើយអ្នកដែលចូលរួមព្រឹត្តិការណ៍នេះ នឹងត្រូវលក់ខុនដូឲ្យពួកគាត់ ក្នុងតម្លៃមួយពិសេស ហើយព្រឹត្តិការណ៍នេះ ក៏ធ្វើឲ្យពួកគាត់បានស្គាល់គ្នា ធ្វើបណ្តាញធុរកិច្ច Network ជាមួយគ្នាទៀតផង។
លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមថា៖ «យើងកំពុងតែជំរុញអ្នកមានបរទេស មកទិញខុនដូនៅស្រុកខ្មែរ ព្រោះអីបើយើងអាចទាក់ទាញជនបរទេស ដែលជាអ្នកមានមកទិញខុនដូស្រុកខ្មែរច្រើន វានឹងជួយដល់ចរន្តសេដ្ឋកិច្ចជាតិ។ សូមអស់លោកបន្តគាំទ្របេសកកម្មរបស់ ខែលល័រវីល្លាម ខេមបូឌា ក៏ដូចជា ក្រុមហ៊ុន ខ្មែររៀលអ៉ីស្ទេត»។
គម្រោង Urban Village គឺជាគម្រោងខុនដូដ៏ធំបំផុតមួយ នៅប្រទេសកម្ពុជា លើផ្ទៃដី៧ហិកតា ហើយបើគិតពីទំហំអគារ ជិត១លានម៉ែត្រការ៉េឯណោះ។ គម្រោងលក់ខុនដូមួយនេះវិញ មានការសហការគ្នារវាង Urban Village ជាមួយក្រុមហ៊ុន ខែលល័រវីល្លាម ខេមបូឌា និង ខ្មែររៀលអ៉ីស្ទេត។
លោកបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ បានចុះកិច្ចសន្យាលក់ផ្តាច់មុខ ដោយក្រុមហ៊ុន ខែលល័រវីល្លាម ខេមបូឌា និង ខ្មែររៀលអ៉ីស្ទេត ដើម្បីទទួលលក់ឲ្យភ្ញៀវថៃ និងវៀតណាម និងភ្ញៀវដទៃទៀត ក្នុងរយៈពេល២ឆ្នាំ។ ភ្ញៀវដទៃទៀត ដែលលោកចង់បញ្ជាក់នោះ គឺជាភ្ញៀវខ្មែរ ចិន តៃវ៉ាន់ អឺរ៉ុប សិង្ហបូរី ជាដើម។
ចាប់ផ្តើមពីការបើកគម្រោង Urban Village គេមិនទាន់មានទិន្និន័យច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមលោកបណ្ឌិត គីម ហ៊ាង គម្រោងនេះលក់បានច្រើនណាស់។
លោកថ្លែងថា «បើគិតពីការលក់ យើងលក់បានច្រើន មានគ្រប់ជាតិសាសន៍ ជនជាតិអ្វីក៏មានដែរ ជាពិសេសអ្នកដែលប្រកបរបររកស៉ី នៅស្រុកខ្មែរ រួមទាំងជនជាតិខ្មែរ អតិថិជនខ្មែរទិញច្រើន បរទេសក៏គាត់ទិញដែរ ព្រោះអីទីតាំងល្អ តម្លៃសមរម្យ ហើយកំណើននៃការលក់កើនឡើងច្រើន ភាគរយគឺយើងមិនទាន់កំណត់បាន ដោយសារយើងសង់អគារថ្មីរហូត ហើយលក់បានជាប្រចាំ»៕