(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមសម្ពោធ «រោងចក្រ លីលី ខាមេដា» ដែលជារោងចក្រផលិតនំស្រួយ និងអាហារសម្រន់ដ៏ធំមួយ ដែលប្រកបដោយស្តង់ដារខ្ពស់ របស់ប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីនោះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ក្រុមហ៊ុន លីលី ខាមេដា គឺជាក្រុមហ៊ុនមួយ ដែលបង្កើតឡើងពីការចាប់ដៃគូគ្នារវាងក្រុមហ៊ុន លីលី ហ្វូ៊ដ របស់កម្ពុជា និងក្រុមហ៊ុន ខាមេដា របស់ជប៉ុន ដែលជាក្រុមហ៊ុនមួយដ៏ល្បី ក្នុងចំណោមក្រុមហ៊ុនធំៗ ជាច្រើនដែលបានសម្រេចចិត្តវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ដ្រីបន្ដថា នេះគឺជាមោទនភាព របស់ប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនគំរូ ដូចជាក្រុមហ៊ុន លីលី ហ្វូ៊ដ ដែលមានកេរ្តិ៍ឈ្មោះល្បី ដល់អន្តរជាតិ និងជាក្រុមហ៊ុន ដែលប្រកបដោយស្តង់ដារខ្ពស់ ដែលអាចទាក់ទាញ ចំណាប់អារម្មណ៍ ពីក្រុមហ៊ុនដ៏ធំខាងផ្នែកផលិតនំស្រួយ នៅប្រទេសជប៉ុន ឲ្យមកចាប់ដៃគូវិនិយោគជាមួយ។
ក្នុងនោះ បានធ្វើការផលិតនូវផលិតផល ចេញពីអង្ករដ៏ល្អ របស់ប្រទេសកម្ពុជា ដើម្បីនាំចេញទៅប្រទេសអូស្ត្រាលី និងណូវែហ្សេឡង់ ចំនួនយ៉ាងហោចណាស់ ៧កុងតែន័រ ទំហំ៤០ហ្វីត ជារៀងរាល់សប្តាហ៍ ដោយប្រើប្រាស់ធនធាន ក្នុងស្រុកភាគច្រើនលើសលប់ និងបុគ្គលិកជាជនជាតិកម្ពុជា ស្ទើរតែ១០០%។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ។
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានលើកឡើងទៀតថា បើកក្រឡេកទៅមើលពីអតីតកាល ក្រុមហ៊ុន លីលី ហ្វូ៊ដ គ្រាន់តែសិប្បកម្មដ៏តូចមួយ ដែលមានបុគ្គលិកប្រហែល២០ ទៅ៣០នាក់ ប៉ុណ្ណោះ តែមកទល់ពេលនេះ មានបុគ្គលិករហូតដល់រាប់រយនាក់។
លោកថា នេះគឺបណ្តាលមកពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនផ្ទាល់ និងដោយមានការសហការ ក៏ដូចជាការគាំទ្រពីក្រសួង ស្ថាប័ននិងអង្គការនានា ដែលក្នុងនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល ណែនាំរហូតរីកចម្រើនដូចសព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សូមលើកទឹកចិត្តឲ្យក្រុមហ៊ុន លីលី បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាសដទៃទៀត បន្តបង្កើនសមត្ថភាពរបស់ខ្លួន ធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងសិប្បកម្ម។
បើតាមលោក ហ៊ីរ៉ូយូគិ ហូរីបេ នាយកប្រតិបត្តិក្រុមហ៊ុន លីលី ខេមាដា ឯ.ក បានបញ្ជាក់ថា បើក្រឡេកមើល ទៅកន្លងអតីតកាលរបស់ក្រុមហ៊ុនវិញ ក្រុមហ៊ុននេះ បានបង្កើតតាំងពីខែមិថុនា ឆ្នាំ២០១៨ ហើយបានចាប់ផ្តើមដំណើរការរោងចក្រ ចាប់ពីខែមករាឆ្នាំ ២០១៩ រហូតមក។
លោក ហ៊ីរ៉ូយូគិ ហូរីបេ បានបន្ថែមទៀតថា បច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន លីលី ខេមាដា ឯ.ក បាន និងកំពុងរីកចម្រើនពីមួយខែទៅមួយខែ ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចេញផលិតផលចំនួន ៧ កុងតឺន័រ៤០FT ក្នុងមួយសប្តាហ៍ ទៅប្រទេសអូស្ត្រាលី ដោយសារមានការគាំទ្រច្រើន។
នាយកប្រតិបត្តិក្រុមហ៊ុន លីលី ខេមាដា ឯ.ក ក៏បានគូសបញ្ជាក់ផងដែរថា លើសពីនេះទៅទៀត អតិថិជនរបស់ក្រុមហ៊ុន លីលី ខេមាដា ឯ.ក នៅអូស្ត្រាលីកំពុងវាយតម្លៃខ្ពស់ ចំពោះនំស្រួយ ដែលផលិតចេញពីអង្ករកម្ពុជា ដែលនាំឲ្យក្រុមហ៊ុន កំពុងទទួលបានការកម្មង់សម្រាប់ផលិតផលថ្មីបន្ថែមទៀតពីអតិថិជន៕