(ភ្នំពេញ)៖ លោកឧកញ៉ា លី សេងឃាង និងលោកស្រី ចាន់ ដានី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានបរិច្ចាគថវិកាចំនួន ៤១,៨៩០ដុល្លារអាមេរិក និង១,០០០ ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុមារគ្រប់រូបនៅកម្ពុជា។
ថវិកាបរិច្ចាគនេះ បានមកពីចំណងដៃក្នុងថ្ងៃចេញម្លប់គ្រប់១៥ឆ្នាំ របស់កញ្ញា លី ជាស៊ីងវិចតូរៀ ដែលត្រូវជាកូនស្រីច្បង របស់លោកឧកញ៉ា និងលោកស្រី ដែលបានរៀបចំធ្វើឡើង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាយវិការសប្បុរសធម៌ ដែលគួរឲ្យសរសើរ និងយកជាគំរូក្នុងការផ្ដួចផ្ដើម យកចំណងដៃទាំងអស់ ដែលទទួលបានពីភ្ញៀវកិត្តិយសក្នុងថ្ងៃខួបកំណើត មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ដូច្នេះ សូម លោក លោកស្រី អ្នកនាងកញ្ញា មេត្តាបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយ ដែលងាយស្រួលជាច្រើន និងដោយមិនគិតថ្លៃសេវា ដូចមានរៀបរាប់ខាងក្រោម។
ក្នុងករណី លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារអាចរៀបចំកត់ត្រាថវិកា បរិច្ចាគទាំងអស់ ក្នុងបញ្ចីរួមគ្នាតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕