(ក្រចេះ)៖ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បាននិមន្តចូលរួមបុណ្យឆ្លងសម្ពោធនូវកុដិ និងបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ក្នុងវត្តផល្លារាម ហៅទួលមនោរម្យ ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
កុដិ និងព្រះវិហារនេះ ជាព្រះគំនិតដែលផ្តើមដោយព្រះគ្រូធម្មរតិ អ៊ូច រិទ្ធីក្រៃ ព្រះមេគណស្តីទី ដែលត្រូវធ្វើពិធីស្រោចស្រព្វ ព្រះសុគន្ធវារី ប្រកាសតែងតាំងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តក្រចេះ រួមនឹងប្រជាពុទ្ធបរិស័ទ ដែលចំណាយអស់ថវិកាប្រមាណជាង ៦ម៉ឺន ៧ពាន់ដុល្លារ ហើយក្នុងពិធីនោះដែរ ក៏មានវត្តមានលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត អភិបាលក្រុងក្រចេះ រួមមន្រ្តីពាក់ព័ន្ធក្នុងខេត្តផងដែរ។
លោក វ៉ា ថន បានថ្លែងថា ទីវត្តអារាម កំពុងមានការរីកចម្រើនរីកដុះដាលជាច្រើនកន្លែង មិនថានៅទីក្រុង ឬជនបទដាច់ស្រយាកនោះទេ ដែលទាំងអស់នេះ គឺទទួលបានពីការជឿទុកចិត្តគោរពប្រន័ណិបត្តិ និងចូលរួមសទ្ធាជ្រៈថ្លាររបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅខេត្ត ទើបសម្រេចបាននូវសមិទ្ធផលទាំងនេះ ឈានដល់ធ្វើពិធីកាត់ខ្សែបូរសម្ពោធឆ្លងនាពេលនេះ ហើយទីវត្តអារាម បានធ្វើការផ្សព្វផ្សាយ និងអប់រំផ្លូវចិត្តមនុស្ស ឱ្យមានភាពស្ងប់ និងចេះអត់អោនអធ្យាស្រ័យគ្នាទោវិញទៅមក ជាពិសេស គឺបានផ្តល់នូវបុណ្យកុសល ដល់អ្នកដែលគោរពប្រ័នណិបត្តិ និងចូលរួមកសាងក្នុងទីវត្តអារាមផងដែរ។
មានព្រះពុទ្ធដីការ ពីសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រះរាជាណាចក្រកម្ពុជា ថ្លែងការកោតសរសើរចំពោះព្រះគ្រូធម្មរតិ អ៊ូច រិទ្ធីក្រៃ ព្រះមេគណស្តីទី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្វែងរកគៀងគរសប្បុរសជន និងបរិច្ចាកនូវសទ្ធាជ្រៈថ្លារក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះ ឱ្យមានការីកចម្រើន។ ម្យ៉ាងវិញទៀត ការចូលរួមនូវសទ្ធាទាំងនេះ គឺមិនមែនតែជាគោលបំណងនៃការសន្សំបុណ្យកុសល ក្តីសុខ និងរួចចាក់ផុតទុក្ខនៅពេលខាងមុខ ឬនៅជាតិក្រោយនោះទេ គឺជាការចូលរួមកសាង និងអភិវឌ្ឍន៍យ៉ាងធំធេងនូវវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានការរីកចម្រើនតទៅមុខជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ហើយការចូលរួមទាំងនេះ គឺបញ្ជាក់ពីការរីកចម្រើននូវសេដ្ឋកិច្ចបងប្អូនប្រជាពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងមានដៃគូរវិនិយោគអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដឹកនាំដោយប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំឥសរ្សជនជាច្រើនរបស់កម្ពុជាផង។
ដូច្នេះសុំឱ្យប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមគាំទ្រ ថែរក្សាការពារនូវសមិទ្ធផលថ្មីៗ ដែលកើតមានក្នុងមូលដ្ឋាន សហគមនរបស់ខ្លួន ឱ្យបានគង់វង្ស និងបន្តអភិរក្សនូវសមិទ្ធផលចាស់ដែលដូនតាបន្សល់ទុក។ ជាពិសេស បន្តចូលរួមគាំទ្របរិច្ចាកនូវធនធាន ដើម្បីរួមគ្នាអភិវឌ្ឍន៍ នូវគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត៕
ក្នុងនោះដែរលោក វ៉ា ថន ក៏បានប្រគេននូវបច្ច័យចំនួន ៣លានរៀល ឧបត្ថម្ភដល់ពីបុណ្យ និងផ្តល់នូវក្រណាត់ស ជូនតាជីយាយជីចំនួន ៣០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ ថវិការ១ម៉ឺនរៀល ផងដែរ៕