(ក្រចេះ)៖ ក្រោយពីមានយុទ្ធនាការទ្រង់ទ្រាយធំ លើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែន វៀតណាម-ឡាវ ដ៏ក្ដៅគគុកមកនេះ ពិតជាមានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានទិសដៅរក្សាព្រៃឈើដែលនៅសេសសល់ ឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយនឹងប្រតិបត្តិការខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានបន្ដការចុះពិនិត្យ ទប់ស្កាត់ បង្ក្រាប និងឈានទៅដល់ការបិទចោលទីតាំងកែច្នៃឈើខុសច្បាប់ ជាច្រើនកន្លែងផងដែរ។ ទន្ទឹមនឹងចំណាត់ការនេះ នៅកន្លែងខ្លះ ក៏មានការត្អូញត្អែររបស់ប្រជាពលរដ្ឋ ដែលពួកគាត់មានការកែច្នៃឈើទ្រង់ទ្រាយតូចក្នុងរូបភាពជាសហគមន៍ ដើម្បីទ្រង់ទ្រង់ជីវភាព និងចែកចាយក្នុងស្រុក ហើយឈើទាំងនោះ ក៏មិនមែនជាឈើប្រណិតនោះឡើយ។
ជាក់ស្ដែង អង្គភាពព័ត៌មាន Fresh News បានទទួលការត្អូញត្អែរនេះ ពីប្រជាពលរដ្ឋជាសហគមន៍អន្លង់ផ្សោតកាំពី ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ ដែលពួកគាត់អះអាងថា មានអាជ្ញាធរ និងសមត្ថកិច្ចចុះឲ្យពួកគាត់ផ្អាកការកែច្នៃឈើធ្វើជារូបចម្លាក់ ដូចជា ចម្លាក់សត្វផ្សោត និងចម្លាក់ត្រីជាដើម សម្រាប់ បម្រើដល់ភ្ញៀវទេសចរ និងចែកចាយនៅក្នុងស្រុក។
សហគមន៍អន្លង់ផ្សោតកាំពីនេះ បានលេចជារូបរាងឡើង តាមរយៈការណែនាំ និងបណ្ដុះបណ្ដាលរបស់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធទៅលើប្រជាពលរដ្ឋក្រីក្រ ដែលធ្លាប់តែប្រកបមុខរបរផ្សេងៗ ដូចជា នេសាទ និងធ្វើស្រែជាដើម ឲ្យមកចេះកែច្នៃជារូបចម្លាក់សត្វផ្សោត និងត្រីជាដើម ដើម្បីលក់ដូរនៅក្នុងស្រុក ជាពិសេសសម្រាប់វិស័យទេសចរណ៍។
ក្រោយទទួលបានត្អូញត្អែរខាងលើនេះ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានណែនាំដល់បន្ដទៅអាជ្ញាធរខេត្ដ ឲ្យពិនិត្យមើលបញ្ហានេះឡើងវិញ និងបន្ដអនុញ្ញាតឲ្យបងប្អូន បន្ដការងារប្រចាំថ្ងៃរបស់ខ្លួន កុំឲ្យតែចូលទៅកាប់ឈើ និងនាំឈើចូលកន្លែងគាត់។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានលើកឡើងថា បើអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការងាររបស់ពួកគាត់នោះ ពិតជាធ្វើឲ្យប៉ះពាល់ជីវភាពយ៉ាងខ្លាំង ខណៈដែលអ្នកខ្លះត្រូវជាប់បំណុល ជាមួយធនាគារទៀតផង។
ជាការឆ្លើយតបទៅកាន់សំណើររបស់ប្រជាពលរដ្ឋសហគមន៍នោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា «ខ្ញុំបានទទួលករណីនេះហើយ និងបានបញ្ជូនទៅថ្នាក់ដឹកនាំសាលាខេត្តក្រចេះ ដើម្បីឲ្យមានការណែនាំដល់មន្ដ្រីអនុវត្តកិច្ចការងារហ្នឹង ពីព្រោះថា យើងមានតែលើកទឹកចិត្តពួកគាត់ ខិតខំកែមុខរបរពីការដាក់ម៉ង ងាប់ត្រីផ្សោត ដើម្បីឲ្យកែ មកធ្វើរូបចម្លាក់បម្រើឲ្យទេសចរណ៍ វត្ថុអនុស្សាវរីយ៍ តែអ្វីដែលសំខាន់កុំឲ្យតែពួកគាត់ ចូលទៅកាប់ឈើខ្លួនឯង ដោយខុសច្បាប់ ហើយមានប្រភពឈើច្បាស់លាស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋនឹងន និងបន្ដការងាររបស់ខ្លួន មិនមានបញ្ហាអ្វីនោះទេ»។
យ៉ាងណាក៏ដោយ សម្រាប់កន្លែងខុសច្បាប់ដទៃទៀត ជាលក្ខណៈសិប្បកម្មកែច្នៃឈើខុសច្បាប់នោះ ត្រូវតែប្រឈមចំពោះការបង្ក្រាបមិនលើកលែងឲ្យនោះឡើយ៕