(កណ្តាល)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរទុក្ខ និងនាំយកអំណោយចែកជូន សមាជិកអតីតយុទ្ធជន ចំនួន៣១១នាក់ នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងពិធីនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី លោក ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងអគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណឡូជី និងមន្ត្រី ពាក់ព័ន្ធជាច្រើនទៀតផងដែរ។
យោងតាមរបាយណ៍របស់ លោកឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមខែកក្តដា ឆ្នាំ២០១៩ មុខសញ្ញាអតីតយុទ្ធជនសរុបក្នុងខេត្តកណ្តាល មានចំនួន៤,៥៨៣នាក់ ក្នុងនោះមានអតីតយុទ្ធជន ជានិវត្តន៍ជន១,៣៨១នាក់, អ្នកពិការភាព១,២៣០នាក់, អ្នកបាត់បង់សមត្ថភាព៤៩នាក់, ពលី១៥១៣នាក់ និងមរណៈ៤១០នាក់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនត្រូវចេះប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ ខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។
លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្តបន្ថែមទៀត។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា អតីតយុទ្ធជន ដែលមានសរុបជាង១៣ម៉ឺននាក់ទូទាំងប្រទេស គឺជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការការពារជាតិមាតុភូមិ ឲ្យទទួលបានសុខសន្តិភាព ដែលជាហេតុធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះ។ ដូចនេះពួកគាត់គួរតែទទួលបានការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រ ដែលជាការតបស្នងដល់ការពលីនេះ។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មួយគ្រួសារៗ ទទួលបានថវិកា១០ម៉ឺនរៀល , ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ស្ករស១គីឡូ, ប៊ីចេង១កញ្ចប់ និងអង្ករ២៥គីឡូ ដែលបានទទួលការឧបត្ថម្ភដោយក្រុមហ៊ុន កោះថ្មី ថេកណូឡូជី ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា ជាពិសេតែងយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រដល់វីរភាពរបស់យោធិន និងអតីតយុទ្ធជន ក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង ក្រុមហ៊ុន កោះថ្មី ថេកណូឡូជី បានជួយសាងសង់ផ្ទះ១០០ខ្នង ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង។ ចំណែកក្នុងខេត្តកណ្តាល ក្រុមហ៊ុនក៏បានជួយសាងសង់ផ្ទះ ៣០ខ្នងផងដែរ៕