(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា, ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារគណបក្ស ខេត្តកណ្តាលថ្មី ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃ ទី ១០ ខែសីហា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ៣ ហិកតា ដែលជាអំណោយ របស់សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ, លោកតា និងបងប្អូនជាសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាលផងដែរ ដោយគូសបញ្ជាក់ថា មានតែ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ ការលំបាក សេចក្តី ត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេច តេជោ ហ៊ុន សែន កម្ពុជាមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាក់ស្តែង, ក្នុងរយៈពេលជាងពីរទស្សវត្សចុងក្រោយនេះ, ជាមួយនឹងសុខសន្តិភាព, ស្ថេរភាពនយោបាយ និងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចល្អ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ដែលកំណើននេះ បានប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ ។
ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនស្អេកស្អះ ដូចជា ផ្លូវថ្នល់, ស្ពាន, បណ្តាញអគ្គីសនី, ទឹកស្អាត, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន, រោងចក្រ, សហគ្រាស, មជ្ឈមណ្ឌលពាណិជ្ជកម្ម, ផ្សារទំនើប និងអគារខ្ពស់ៗ ត្រូវបានស្ថាបនានៅពាសពេញផ្ទៃប្រទេស និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឲ្យក្រុមការងារគណបក្សគ្រប់កម្រិត ត្រូវបង្កើនការងារដឹកនាំគណបក្សឲ្យបានល្អប្រសើរ, សហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ដើម្បីថែរក្សាការពារ, ពង្រឹងវិស័យសន្តិសុខ, សណ្តាប់ធ្នាប់សង្គម និងត្រូវយកបន្តពង្រឹងឲ្យមានប្រសិទ្ធភាពខ្ពស់នូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដឹកនាំក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានគ្រប់ថ្នាក់ និងយន្តការ គណបក្សថ្នាក់ខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់, ភូមិ និងសាខាបក្សភូមិ ដើម្បីធានាឲ្យបានទាំងបរិមាណ និងគុណភាពសមាជិកបក្ស ដើម្បីទទួលបានការគាំទ្រជឿជាក់ និងទំនុកទុកចិត្តពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានមកលើគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនេះ លោកក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់សកម្មភាពអសកម្ម និងអំពើល្មើសច្បាប់នានានៅក្នុងមូលដ្ឋាន និងត្រូវខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
គួរបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានផ្ដល់ដីមួយកន្លែង ដែលមានទំហំ ៣ ហិកតា មានទីតាំងជាប់ផ្លូវជាតិលេខ ២១ ចម្ងាយ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់សាងសង់ទីស្នាក់ការថ្មី របស់គណបក្សខេត្តកណ្តាល ។ អគារ ស្នាក់ការគណបក្សខេត្តថ្មីនេះ មាន ៣ ជាន់ ចែកចេញជាពីរផ្នែកសំខាន់ គឺផ្នែកខាងមុខជាការិយាល័យសម្រាប់ ធ្វើការនិងផ្នែកខាងក្រោយ ជាកន្លែងសម្រាប់ប្រជុំរួម ឬសន្និបាតធំៗ ដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវឺឡុបមែន គ្រុប ៕