(ភ្នំំពេញ)៖ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឱ្យទាន់ពេលវេលា នៅខេត្ដរតនគីរី និងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់ឱ្យមន្ដ្រីក្រុមការងារ នាំយកនូវសម្ភារ បរិក្ខារពេទ្យ រួមទាំងមុងជ្រលក់ថ្នាំជិត២ពាន់មុង ទៅកាន់ខេត្ដទាំងពីរខាងលើនេះភ្លាមៗ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅព្រឹកស្អែកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកនឹងដឹកនាំប្រតិភូ និងក្រុមគ្រូពេទ្យ អញ្ជើញចុះទៅពិនិត្យព្យាបាលជំងឺ និងផ្ដល់សម្ភារផ្សេងៗដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្ដទាំងនេះដោយឥតគិតថ្លៃផងដែរ។
ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យព្យាបាលជំងឺនេះ ក្រសួងនឹងនាំយកនូវ ឱសថ ១៥មុខ, សេរ៉ូម ៣មុខ, សេរ៉ូម ប្រឆាំងពិសពស់ ១មុខ, បរិក្ខារ ៥មុខ, មុងជ្រលក់ថ្នាំ ចំនួន ១,៥០០មុង សរុបចំនួន ១,១៥៥គីឡូក្រាម។
សូមជម្រាបថា គ្រោះធម្មជាតិ ដែលបណ្ដាលមកពីទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ និងខេត្ដរតនគីរី ដោយទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននិងកំពុងជួយជម្លៀសប្រជាពលរដ្ឋ ចាកចេញពីលំនៅឋានរបស់ពួកគាត់ ឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាពដែលនៅក្បែរនោះ ៕