(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកពិភពលោកលើកទី២១ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុងប្លូវឌីវ ប្រទេសប៊ុលហ្គារី កីឡាករ-កីឡាការិនីកម្ពុជា នឹងធ្វើបានល្អជាងការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ការបង្ហាញក្តីសង្ឃឹមរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងសន្និសីទកាសែតស្តីពី «ការចូលរួមប្រកួតជើងឯកពិភពលោកលើកទី២១ នៅប៊ុលហ្គារី» នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ហើយការប្រកួតជើងឯកពិភពលោកលើកទី២១នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទកាសែតនោះលោក កែវ រ៉េមី បានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៧រូប ទៅចូលរួមប្រកួត ក្នុងនោះ មានកីឡាករជម្រើសជាតិ ៧រូប និងកីឡាការិនីជម្រើសជាតិ ១រូប។ ក្រៅពីនោះមានកីឡាករថ្នាលចំនួន ៧រូប និងកីឡាការិនីថ្នាលចំនួន ១រូបដែរ។
បន្ថែមពីនេះលោក កែវ រ៉េមី បានលើកឡើងថា ទោះបីលោកមានជំនឿចិត្តលើវិញ្ញាសាប្រយុទ្ធត្រឹមតែ ៧០ភាគរយ ក៏ពិតមែនតែសម្រាប់វិញ្ញាសាមេគុន ការសំដែងបច្ចេកទេស ពិសេសលោកមានជំនឿចិត្តខ្លាំងណាស់ ហើយការទៅប្រកួត គឺមិនមែនទៅវ៉ៃគេ មិនមែនទៅឱ្យគេវ៉ៃនោះឡើយ។ លោកបានលើកហេតុផលថា កាលពីប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើង ក្នុងចំណោមប្រទេសជាង៧០ ដែលចូលរួមកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១០ គឺលើប្រទេសជាង៦០ទៀត។
ជាមួយនឹងការបង្ហាញពីសមាសភាពកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតនោះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏បានប្រគល់សញ្ញាបត្របញ្ជាក់ពីដាន់ (កម្រិតខ្សែក្រវាត់) ថ្នាក់ពិភពលោកដល់កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ៣៣រូប ក្នុងនោះមានមួយរូប បានទទួលកម្រិត ៥ដាន់ ក្រៅពីនោះមានកម្រិត ៤ដាន់ ៣ដាន់ ២ដាន់ និង ១ដាន់ទៀផង។ ទន្ទឹមនឹងនេះដែរ អ្វីដែលសំខាន់បំផុតនោះ គឺថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជា ទូទាំងប្រទេសចង់ឃើញទង់ជាតិកម្ពុជា ភ្លេងជាតិកម្ពុជាបង្ហូត និងចាក់កងរំពងនៅលើឆាកអន្តរជាតិ ផងដែរ។
សូមបញ្ជាក់ថា តេក្វាន់ដូ ITF គឺជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើង ដែលមានអាយុកាលជាង ៥០ឆ្នាំមកហើយ ពេលនេះប្រកួតក្រៅ ប្រទេសកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុនកម្ពុជា នឹងធ្វើបានកាន់តែល្អ។ លោក Re Chol Nam ដែលជាគ្រូធំជនជាតិកូរ៉េខាងជើងនោះ បានអះអាងថា លោកបានត្រៀមខ្លួនល្អណាស់ ដោយឱ្យពួកគេបង្កើន ពេលវេលាហ្វឹកហាត់ដោយហាត់ ទាំងបច្ចេកទេស និងកម្លាំង។
លោក កែវ រ៉េមី សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធាន CAMSOC, ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជំរុញនូវការអភិវឌ្ឍខ្លាំងលើវិស័យកីឡា និងក្រុមហ៊ុនខ្មែរភេសជ្ជ:ប៊ីវើរិជិស ផងដែរ៕