(ព្រះសីហនុ)៖ បន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ ដោយកាយប្រឡាយបើកទឹកនៅភូមិអាចម៌មឹក សង្កាត់លេខ៤។
ក្នុងពេលចុះពិនិត្យ និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុនេះ ក្រុមការងារអន្តរក្រសួង បានបញ្ជាឱ្យដាក់គ្រឿងចក្រ ដើម្បីជួយកាយប្រឡាយឲ្យជ្រៅ និងធំជាងមុន ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុ ឱ្យបានឆាប់រហ័ស។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងស្ថាប័នអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការរងគ្រោះដល់ប្រជាពលរដ្ឋ។
ការដាក់បទបញ្ជាយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាបានជួបនូវគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តមួយចំនួន ទទួលនូវការលិចលង់ ដូចជាករណីនៅខេត្តព្រះសីហនុជាដើម។
ខេត្តព្រះសីហនុ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕