(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់បញ្ជាដល់មន្ដ្រីចាប់ពីថ្នាក់ភូមិ ដល់ថ្នាក់ស្រុក ក្រុង ទាំងអស់ក្នុងមូលដ្ឋានខេត្ត ត្រូវតែបញ្ចេញកម្លាំងសរុបដើម្បីត្រៀម និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបាននិងកំពុងវាយប្រហារជាបន្ដបន្ទាប់។
ក្នុងសារសំឡេងដែលបានផ្ញើទៅកាន់មន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កិច្ចការជំហ៊ានដំបូងដែលត្រូវធ្វើចាំបាច់នោះ គឺការប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ហើយត្រូវរាយការណ៍ពីសភាពការណ៍ដែលកើតឡើងក្នុងមូលដ្ឋានជូនលោក ឲ្យបានលឿនបំផុត ដើម្បីមានវិធានការបន្ដ។
លោក គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា «លោកអភិបាលក្រុង ស្រុកទាំង៥ សូមចាត់ចែងមន្ដ្រី កម្លាំងក្រោមឱវាទទាំងអស់ ក្រុមប្រឹក្សាសង្កាត់ សង្កាត់ ឃុំ ប្រជាការពារមានទាំងប៉ុន្មាន សូមឲ្យចេញទាំងអស់គ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងភូមិសាស្ដ្ររៀងៗខ្លួន មានកិច្ចការដែលពាក់ព័ន្ធ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ កិច្ចការដំបូងគេគឺការជួយសង្គ្រោះត្រូវប្រឹងប្រែង ឲ្យអស់លទ្ធភាព ហើយនឹងត្រូវរាយការណ៍ឲ្យបានលឿនបំផុត»។
សូមរំលឹកថា រហូតមកដល់វេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពនៃការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ បានធូរស្បើយឡើងវិញហើយ។
ជាតុល្យការចុងក្រោយជំនន់ទឹកភ្លៀងនេះ បណ្តាលឲ្យមនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ ពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។ ដោយឡែកបណ្តាញទឹកស្អាត និងអគ្គិសនីក៏ត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាប្រក្រតីឡើងវិញផងដែរ។
ក្រៅពីបញ្ហាចាក់ស្រេះជាច្រើន រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខសណ្តាប់ ការលើកកម្ពស់សោភ័ណភាព រួមនឹងការដោះស្រាយបញ្ហា រស់នៅរបស់ប្រជាពលរដ្ឋហើយនោះ ទេវតាហាក់បានដាក់ចំណោទបញ្ហាថ្មីមួយទៀតដើម្បីល្បងសមត្ថភាពរបស់លោក គួច ចំរើន ដែលជាអភិបាលខេត្តថ្មី របស់ខេត្តព្រះសីហនុ។ ភ្លៀងដែលមិនធ្លាប់មានពីមុនមកបានបង្អុរធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើខេត្តព្រះសីហនុ តាំងពីយប់ថ្ងៃទី០៨ ខែសីហា រហូតមកដល់ម៉ោង៦ព្រលប់ថ្ងៃទី០៩ ខែសីហានេះទេ ទើបស្រាកស្រានទៅវិញ។
ទឹកភ្លៀងដ៏ខ្លាំងនេះ បានធ្វើឲ្យទឹកជន់ជោរហូរធ្លាក់ទៅក្នុងសមុទ្រ ប៉ុន្តែមិនបង្កឲ្យលិចលង់តំបន់ទំនាបក្នុងក្រុងព្រះសីហនុខ្លាំងឡើយ។ លោក គួច ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្រិតទឹកភ្លៀងដែលធ្លាក់នៅក្រុងព្រះសីហនុ មានចន្លោះកម្រិតពី ២៧២មិល្លីម៉ែត្រ ទៅ២២៤មិល្លីម៉ែត្រ។
លោក គួច ចំរើន បានអះអាងថា ស្ថានភាពបែបនេះ ពុំធ្លាប់មានឡើយនៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះកាលពីឆ្នាំ២០០៧ ខេត្តធ្លាប់ជួបភ្លៀងខ្លាំងបែបនេះម្ដង តែមិនយូរបែបនេះឡើយ គឺភ្លៀងតែជាង ១ម៉ោង កម្រិតទឹកត្រឹម ៨១មិល្លីម៉ែត្រប៉ុណ្ណោះ៕