(កំពង់ចាម)៖ ប្រជាពលរដ្ឋជាង ២៣គ្រួសារ មានដីនៅជុំវិញរមណីយដ្ឋានក្បាលទឹក ស្ថិតក្នុងភូមិសុព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ដីស្រែសម្ការរបស់ខ្លួនដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ បន្ទាប់ពីមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មិនព្រមចេញប្លង់កម្មសិទ្ធិជូនពួកគាត់។
ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ដាក់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានអះអាងថា ខ្លួនបានអាស្រ័យផលធ្វើស្រែចម្ការនៅលើដីតពូជពង្សតាំងពីជីដូនជីតាមកម្ល៉េះ។ ប្រជាពលរដ្ឋថែមទាំងអះអាងទៀតថា កាលពីឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យកាត់ដីនេះឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការទៅតាមរបបដែលរដ្ឋបានចែកឱ្យផងដែរ។
បើយោងតាមលិខិតរបស់ស្នើសុំកិច្ចអន្តរាគមន៍នេះ ប្រជាពលរដ្ឋបានដកស្រង់សម្តីរបស់មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រុកចំការលើមកបញ្ជាក់ថា ការដែលមិនអាចចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ព្រោះដីទាំងនោះត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិដីរបស់រដ្ឋ។
ប្រជាពលរដ្ឋបានបញ្ជាក់ក្នុងលិខិតស្នើសុំអន្តរាគមន៍ថា ក្រោយបានទទួលដំណឹងបដិសេធពីអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិជូនធ្វើឱ្យពួកគេបារម្ភខ្លាំងពីការបាត់បង់ដី។ ពួកគេបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ «គ្រាន់តែទទួលបានដំណឹងនេះភ្លាម យើងខ្ញុំជាប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ព្រោះដីស្រែចំការទាំងអស់នោះ ជាអាយុជីវិត និងជាមុខរបររបស់យើងខ្ញុំ ប្រកបប្រចាំថ្ងៃទាំងអស់គ្នា។ បើទោះបីជារបរទាំងអស់នោះ ពុំអាចផ្គត់ផ្គង់ការចាយវាយគ្រប់គ្រាន់ក៏ដោយ ក៏យើងនៅតែចង់បានវាមកគ្រប់គ្រង មានប្លង់រឹងងាយស្រួលក្នុងការយកទៅប្រើប្រាស់ ជាកម្ចីឥណទានកសិកម្ម ទិញជីដាក់ស្រែ និងពូជដំណាំផ្សេងៗដូចជាដំឡូងជាដើម។ល។ បើគ្មានប្លង់រឹងនោះទេ ប្រាកដណាស់ជាមីក្រហរិញ្ញវត្ថុ គ្រឹះស្ថានឯកជន ពុំអនុញ្ញាត្តិអោយយើងខ្ញុំបានខ្ចីលុយនោះទេ ហើយក៏វាប្រឈម និងការចំណាកស្រកទៀតផង»។
បើតាមប្រភពខ្លះចេញពីប្រជាពលរដ្ឋ បានទម្លាយថា មន្ត្រីមានការគប់គិតជាមួយអ្នកវិនិយោគបំណងយកដីនោះ ធ្វើទៅជារមណីយដ្ឋានទើបមិនព្រមចេញកម្មសិទ្ធិជូនពួកគាត់ ខណៈដែលដីប្រជាពលរដ្ឋដទៃនៅក្បែរនោះបានចេញប្លង់កម្មសិទ្ធិអស់ទៅហើយ។ ប្រជាពលរដ្ឋគាំទ្រឱ្យមានការអភិវឌ្ឍទៅលើដីរដ្ឋដែលទំនេរនៅតំបន់រមណីយដ្ឋានក្បាលទឹកដែលមានស្រាប់នោះ តែពួកគាត់មិនគាំទ្រឱ្យយកដីដែលគាត់អាស្រ័យផលរាប់ឆ្នាំមកហើយនោះឡើយ។
ជាមួយការព្រួយបារម្ភខ្លាចបាត់បង់ដី ក្រុមប្រជាពលរដ្ឋបានស្នើសុំឱ្យអភិបាលខេត្តកំពង់ចាម ជួយអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការបង្កបង្កើនផលទ្រទ្រង់ជីវភាព។
ក្នុងលិខិតអន្តរាគមន៍ប្រជាពលរដ្ឋបានស្នើយ៉ាងដូច្នេះ «អាស្រ័យដូចបានរៀបរាប់ខាងលើពីទុក្ខលំបាក និង ក្តីបារម្ភខាងលើនេះ យើងខ្ញុំជាប្រជាជនច្រើនជាង
២៣គ្រួសារ សូមលើកដៃអង្វរដល់ឯកឧត្តមអភិបាលខេត្ត មេត្តាជួយពាំនាំសំណើរនេះ ឱ្យបានទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្តេចលោកបានជ្រាបថា ដីនៅតំបន់នេះនៅឆ្នាំ១៩៩៧ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសកាត់ឱ្យទៅប្រជាពលរដ្ឋធ្វើស្រែចម្ការទៅតាមរបបដែលរដ្ឋបានបែងចែកឱ្យរៀងៗខ្លួន ក្នុងការបង្កបង្កើនផល»។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកបានទទួលរួចហើយនូវលិខិតសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ។ លោកក៏បានចាត់ឱ្យអភិបាលស្រុកបញ្ជូនរបាយការណ៍ និងព័ត៌មានពាក់ព័ន្ធដើម្បីពិនិត្យរកដំណោះស្រាយផងដែរ។
លោកអភិបាលខេត្តថែមទាំងបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ដោយលោកនឹងពិនិត្យមើលបើដីទាំងនោះមិនខុសច្បាប់ទេនោះលោកនឹងសម្រួលចេញប្លង់កម្មសិទ្ធិជូនពួកគាត់៕