Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែសីហា ខេត្តព្រះសីហនុ, កោះកុង និងខេត្តជាប់ព្រំដែនវៀតណាម នឹងនៅតែមានភ្លៀងធ្លាក់ច្រើន ខណៈរាជធានី-ខេត្តផ្សេងទៀត មានភ្ញៀងធ្លាក់ពីតិចទៅច្រើន (Video inside)

10-08-2019 07:05

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង អាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។

ក្រសួងធនធានទឹក បានបញ្ជាក់ពីបញ្ហាអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហាយ៉ាងដូច្នេះថា៖

១៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។

២៖ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

៣៖ ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។

៤៖ ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះតំបន់សមុទ្រ ដែលមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕