(ព្រះសីហនុ)៖ រហូតមកដល់វេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពនៃការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ បានធូរស្បើយឡើងវិញហើយ។ ជាតុល្យការចុងក្រោយជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ ពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។ ដោយឡែកបណ្តាញទឹកស្អាត និងអគ្គិសនីក៏ត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រក្រតីឡើងវិញផងដែរ។
ក្រៅពីបញ្ហាចាក់ស្រេះជាច្រើនរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខសណ្តាប់ ការលើកកម្ពស់សោភ័ណភាព រួមនឹងការដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋហើយនោះ ទេវតាហាក់បានដាក់ចំណោទបញ្ហាថ្មីមួយទៀតដើម្បីល្បងសមត្ថភាពរបស់លោក គួច ចំរើន ដែលជាអភិបាលខេត្តថ្មីរបស់ខេត្តព្រះសីហនុ។ ភ្លៀងដែលមិនធ្លាប់មានពីមុនមកបានបង្អុរធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើខេត្តព្រះសីហនុ តាំងពីយប់ថ្ងៃទី០៨ ខែសីហា រហូតមកដល់ម៉ោង៦ព្រលប់ថ្ងៃទី០៩ ខែសីហានេះទេ ទើបស្រាកស្រានទៅវិញ។
ទឹកភ្លៀងដ៏ខ្លាំងនេះ បានធ្វើឱ្យទឹកជន់ជោរហូរធ្លាក់ទៅក្នុងសមុទ្រ ប៉ុន្តែមិនបង្កឱ្យលិចលង់តំបន់ទំនាបក្នុងក្រុងព្រះសីហនុខ្លាំងឡើយ។ លោក គួច ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្រិតទឹកភ្លៀងដែលធ្លាក់នៅក្រុងព្រះសីហនុ មានចន្លោះកម្រិតពី ២៧២មិល្លីម៉ែត្រ ទៅ២២៤មិល្លីម៉ែត្រ។
លោក គួច ចំរើន បានអះអាងថា ស្ថានភាពបែបនេះ ពុំធ្លាប់មានឡើយនៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះកាលពីឆ្នាំ២០០៧ ខេត្តធ្លាប់ជួបភ្លៀងខ្លាំងបែបនេះម្ដង តែមិនយូរបែបនេះឡើយ គឺភ្លៀងតែជាង ១ម៉ោង កម្រិតទឹកត្រឹម ៨១មិល្លីម៉ែត្រប៉ុណ្ណោះ។
ដើម្បីដោះស្រាយការជន់លិចនេះលោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការខេត្ត បានដឹកនាំកម្លាំងចេញប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព និងរិះរកវិធីរំដោះទឹក ដែលក្នុងនោះកងកម្លាំងគ្រប់ប្រភេទនៅក្នុងខេត្តបានចេញជួយអន្តរាគមន៍ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ចេញកម្លាំងការងារថ្នាក់ជាតិចេញដោះស្រាយផងដែរ។
បើតាមការបញ្ជាក់របស់លោកអភិបាលខេត្តព្រះសីហនុ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមួយផ្នែកត្រូវបានចាត់បញ្ជូនដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗ ហើយមួយផ្នែកទៀតចាត់ចែងការងាររំដោះទឹក។ លើការងាររំដោះទឹកនេះ លោក គួច ចំរើន បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់មន្ត្រី និងគ្រឿងចក្រ ដើម្បីស្តារប្រឡាយ និងកាយផ្លូវបើកមុខទឹកបញ្ចៀសការជន់លិច។
ពាក់ព័ន្ធការជន់លិចនេះលោក គួច ចំរើន បានអះអាងថា រហូតមកដល់យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ទឹកបានស្រកស្ទើរតែអស់ទៅហើយ នៅលិចកន្លែងមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែមិនធ្ងន់ធ្ងរដូចថ្ងៃម្សិលមិញនោះឡើយ។ ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីលំនៅឋានមួយចំនួនធំបានវិលចូលទៅកាន់គេហឋានរបស់ខ្លួនវិញ។ តែមួយចំនួនទៀត ក៏មិនទាន់បានចូលទៅកាន់លំនៅឋានវិញនៅឡើយ ដោយអ្នកខ្លះបន្តស្នាក់នៅជាមួយសាច់ញាតិ និងមិត្តភក្តិជាដើម។
ដោយឡែកសម្រាប់បណ្តាញទឹក និងអគ្គិសនីវិញ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់យប់នេះត្រូវបានផ្គង់ផ្គង់ជូនប្រជាពលរដ្ឋជាធម្មតាឡើងវិញហើយ។ នៅមានផ្ទះប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះសង្កាត់លេខ១ ម្តុំផ្សារឃ្លាំងលើ ដែលមិនទាន់បានផ្គត់ផ្គង់នៅឡើយដោយសារទឹកនៅលិចបន្ទប់ភ្លើងនៅឡើយ។
សម្រាប់ផលប៉ះពាល់ទំហំនៃការខូចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមិនទាន់អាចបូកសរុបបាននៅឡើយនោះទេ។ តែលោកអភិបាលបានចូលរយមសោកស្តាយជាខ្លាំងចំពោះគ្រោះថ្នាក់ជំនន់ទឹកភ្លៀងនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធបានស្លាប់ដោយសាររបងរលំសង្កត់ និងជនជាតិចិនម្នាក់ត្រូវរបងរលំសង្កត់សម្លាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់។ សម្រាប់ពលរដ្ឋខ្មែររងគ្រោះស្លាប់បាត់បង់ជីវិតពីរនាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំហើយ។
ពាក់ព័ន្ធមូលហេតុនៃការលិចលង់វិញ ក្រៅពីកម្រិតទឹកធ្លាក់គំហុកហើយនោះ បញ្ហាសំណង់សង់រំលោភលើដីប្រឡាយ និងកំណើនសំណង់ក៏ជាហេតុនាំឱ្យទឹកហូររំដោះមិនទាន់ផងដែរ។ លោក គួច ចំរើន បានគូសបញ្ជាក់ថា មានសំណង់ជាច្រើនបានសង់រំលោភលើប្រឡាយទឹក និងចាក់ដីលុបប្រឡាយជាដើម ដែលជាហេតុធ្វើឱ្យស្ទះមុខទឹកហូរ។ លោកអភិបាលខេត្តមើលឃើញទៀតថា ពីមុនដីទំនៀបជាច្រើនមានសំណង់នោះទេ ជាកន្លែងសម្រាប់ទឹកហូរទៅ តែបច្ចុប្បន្នកំណើនវិនិយោគក្នុងខេត្តធ្វើឱ្យមានការចាក់ដីបំពេញវាលទំនៀបទាំងនោះសាងសង់ជាសំណង់ផ្ទះ និងសំណង់ផ្សេងៗជាហេតុមិនមានដីទំនេរសម្រាប់រំដោះទឹកដូចមុនទៀតទេ។
ជាផែនការសម្រាប់ដោះស្រាយបញ្ហាចំពោះមុខនេះ លោក គួច ចំរើន បានប្រាប់ Fresh News ថា លោកនឹងប្រែងក្នុងការស្តារប្រឡាយ និងណែនាំប្រជាពលរដ្ឋសង់សំណង់រំលោភលើប្រឡាយឱ្យរុះរើសំណង់ដោយរកកន្លែងផ្សេងដោះដូរ ដើម្បីបើកផ្លូវទឹកហូរ។ លោកអភិបាលខេត្ត ក៏នឹងពិ និត្យលទ្ធភាពកាយប្រព័ន្ធប្រឡាយនៅតាមតំបន់ផ្សេងៗទៀត ដើម្បីរំដោះទឹកចេញពីក្នុងក្រុង។
ជាមួយនឹងការរងគ្រោះដ៏ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្តព្រះសីហនុលុយទឹកកាត់ដំណក់ភ្លៀងអស់ជាច្រើនម៉ោងដើម្បីដោះស្រាយបញ្ហា បានសម្តែងការសោកស្តាយ និងសុំក្តីអនុគ្រោះយោគយល់ខ្ពស់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុទាំងមូលដែលបានរងគ្រោះខូចខាតទ្រព្យសម្បត្តិផ្សេងៗ។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តទាំងអស់ ព្រមទាំងក្រុមការងារថ្នាក់ជាតិផងដែរ ដែលបានប្រឹងប្រែងរួមសហការជាមួយរូបលោក ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងខេត្តជួយដល់ប្រជាពលរដ្ឋ៕
http://image.freshnewsasia.com/2019/tharith2019/fn-2019-08-09-10-36-20-15.jpg