(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សហគមន៍ និងគ្រួសារ បានចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយណែនាំដល់អ្នកញៀនគ្រឿងញៀន មកទទួលសេវាព្យាបាល រហូតដល់ជាសះស្បើយ។
ការថ្លែងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាស លោកស្រី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅរាជធានីភ្នំពេញនៅមណ្ឌលសុខភាពឱកាសខ្ញុំ និងមណ្ឌលសុខភាពទឹកថ្លា ដោយមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កញ្ញា ជូ ផល្លីកា អនុប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបពានគ្រឿងញៀន នៃក្រសួងសុខាភិបាល និងលោកស្រី ឈឹម ធូនី អនុប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានសួរសុខទុក្ខដល់អ្នកជំងឺញៀនគ្រឿងញៀន ដែលកំពុងសម្រាកនៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំ ព្រមទាំងបានណែនាំ និងអប់រំអ្នកជំងឺគ្រឿងញៀន សូមឱ្យតាំងចិត្តខ្ពស់ក្នុងការឈប់ប្រើប្រាស់គ្រឿងញៀនហើយត្រូវស្ថិតក្នុងការព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានទៀតទាត់ ហើយក្រោយពេលជាសះស្បើយពីការព្យាបាល សូមកុំវិលត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនវិញ ទោះបីជាមានការអូសទាញពីមិត្តភ័ក្ត ឬអ្នកលក់គ្រឿងញៀនក្តី ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ មណ្ឌលសុខភាពឱកាសខ្ញុំបានផ្តល់សេវាព្យាបាលដល់អ្នកជំងឺគ្រឿងញៀនចំនួន ១ ៦៦៥ នាក់ (ស្រី ៩៧នាក់) ហើយក្នុងមួយថ្ងៃមានអ្នកជំងឺគ្រឿងញៀនប្រមាណ ៣៥០ នាក់ ទៅ ៤០០ នាក់ មកទទួលសេវា សុខាភិបាលជារៀងរាល់ថ្ងៃដែលភាគច្រើនជាអ្នកញៀនប្រភេទមេតំហ្វេតាមីន បញ្ជូនដោយមជ្ឈមណ្ឌលឱកាសខ្ញុំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ក្នុងឱកាសពិនិត្យមណ្ឌលសុខភាពទឹកថ្លា លោកស្រី ឱ វណ្ណឌីន ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាលដែលកំពុងបម្រើការនៅទីនោះ និងពិនិត្យមើលផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនដែលចាប់ដំណើរការតាំងពីឆ្នាំ២០១៦ មកម្លេះ ដោយមានគ្រូពេទ្យជំនាញចំនួន ៣នាក់ ជាអ្នកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន ។
តាមរយៈលោកប្រធានមណ្ឌលសុខភាពទឹកថ្លា បានឱ្យដឹងថាអ្នកជំងឺញៀនគ្រឿងញៀនមួយចំនួន ដែលបានធូរសះស្បើយពីការព្យាបាលនៅទីនេះ បានជួយណែនាំដល់អ្នកជំងឺគ្រឿងញៀនផ្សេងទៀត ឱ្យមកទទួលសេវាព្យាបាលជាមួយគ្រូពេទ្យយើងបន្តទៀត ដើម្បីទទួលបានធូរសះស្បើយពីភាពញៀននេះដូចរូបគាត់ ។
ជាលទ្ធផល លោកស្រីឱ វណ្ណឌីន បានផ្តល់អនុសាសន៍ និងដំណោះស្រាយមួយចំនួនដូចខាងក្រោម៖
* ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀន មកទទួលសេវាព្យាបាល ត្រូវបែងចែកឱ្យបាននូវចំនួនអ្នកជំងឺចាស់ ចំនួនអ្នកជំងឺថ្មី និងចំនួនអ្នកបោះបង់ការព្យាបាល និងត្រូវរាយការណ៌ទៀងទាត់ ដោយមានទម្រង់របាយការណ៍ ត្រឹមត្រូវ
* ស្ថាប័នដែលពាក់ព័ន្ធ ក្នុងការបញ្ជូនអ្នកជំងឺ គួរមានយន្តការសម្រាប់វាយតម្លៃប្រសិទ្ធភាពនៃការព្យាបាលនៅពេលបញ្ជូនពួកគាត់ទៅរស់នៅក្នុងសហគមន៍វិញ ដើម្បីកំណត់ឱ្យបាននូវកត្តាដែលនាំឱ្យអ្នកជំងឺគ្រឿងញៀនឈប់ប្រើប្រាស់គ្រឿងញៀន ឬនៅតែបន្តការប្រើគ្រឿងញៀន។
សូមបញ្ជាក់ផងដែរថា មូលដ្ឋានសុខាភិបាលដែលមានដំណើរការសេវាសុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿង ក្នុងរាជធានីភ្នំពេញ មានចំនួន ៤៩កន្លែង រួមមាន៖
១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
២៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
៣៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
៤៖ មន្ទីរពេទ្យបង្អែកមានជ័យ
៥៖ មន្ទីរពេទ្យបង្អែកសម្តេចឪ
៦៖ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
៧៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៨៖ មន្ទីរពេទ្យបង្អែកដង្កោរ
៩៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមណ្ឌលសុខភាពចំនួន ៤០កន្លែងទៀត ៕