(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិ ដែលកំពុងយាយីប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី គន់ គីម នៅព្រឹកមិញនេះបន្ទាប់ពីទទួលបានបទបញ្ជារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីដឹកនាំកម្លាំង និងស្បៀងយកទៅចែកជូនប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកលំបាត់ ខេត្តរតនគិរី។
បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចែកចាយស្បៀង និងសម្ភារៈប្រើប្រាស់ ព្រមទាំងចាត់ចែងកម្លាំងត្រៀមមើលការខុសត្រូវ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរងគ្រោះនៅខេត្តរតនគិរីរួចហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជិះឧទ្ធម្ភាគចក្រត្រឡប់មកកាន់ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់វិញ។ ដំណើរមកកាន់ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ដើម្បីពិនិត្យការងារសាងសង់របាំងទប់ច្រាំងកុំឱ្យទឹកហូរបុកច្រាំងអាចបណ្តាលឱ្យបាក់ផ្លូវ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវប្រវែងប្រមាណ ១ពាន់ម៉ែត្ររងការគំរាមកំហែងពីកម្លាំងទឹកហូរបុក ដែលអាចបណ្តាលឱ្យបាក់ច្រាំង និងបាក់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដើម្បីការពារច្រាំងកុំឱ្យបាក់នោះ មន្ត្រីធនធានទឹកបានសិក្សា និងសាងសង់របាំងការពារច្រាំងបញ្ចៀសមុខទឹកហូរ។
បើតាមលោក គន់ គីម ការសាងសង់របាំងការពារច្រាំងនេះសម្រេចបានប្រមាណជា ៥០ភាគរយហើយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះត្រូវបានប្រជាពលរដ្ឋដែលតាមដានការងារសង្គមដាក់រហស្សនាមជាមន្ត្រីជើងមិនជាប់ដី។ រហស្សនាមនេះ បន្ទាប់ពីរូបលោកក្នុងរយៈពេលប៉ុន្មានថ្ងៃត្រូវបានរំលេចខ្លួនយ៉ាងសកម្មភាពតាមរយៈការហោះពីខេត្តមួយទៅខេត្តមួយជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ។
កាលពីថ្ងៃទីពុធ ទី០៧ ខែសីហា លោកទេសរដ្ឋមន្ត្រីបានហោះដឹកនាំកម្លាំងសង្គ្រោះ៧១១ ទៅសង្គ្រោះជនរងគ្រោះកៀបជាប់នៅថ្មភ្នំក្នុងខេត្តបាត់ដំបង ហើយថ្ងៃទី០៨ ខែសីហា ម្សិលមិញហោះទៅខេត្តតាកែវ ដើម្បីពិភាក្សាដោះស្រាយបញ្ហាគ្រោះមហន្តរាយជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្ត។ តាមការគ្រោងទុកនៅថ្ងៃស្អែកបើមិនមានបញ្ហាអ្វីប្រែប្រួលទេនោះទេ លោកគ្រោងហោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទីនោះផងដែរ៕