(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រកាសជាសាធារណៈផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿងដល់សិស្សដែលប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A។ ជាមួយគ្នានោះ ចំពោះសិស្សដែលប្រឡងទទួលបាននិទ្ទេស B លោកនឹងផ្តល់រង្វាន់តាមការជាក់ស្តែង។
ការប្រកាសលើកទឹកចិត្តដល់សិស្សបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលបិទវគ្គបំប៉នជូនសិស្សថ្នាក់ទី១២ ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេនសាលាធនធានមនុស្ស។
នៅក្នុងឱកាសនោះដែរ លោកឡុង សុវណ្ណ បានចែករំលែកនូវបទពិសោធន៍ក្នុងការៀនសូត្រ ដែលកាលជំនាន់លោកការរៀនសូត្រមានលំបាកណាស់ ដោយសារសម័យសង្រ្គាម ដូចនេះស្របពេលដែលប្រទេសយើង មានសុខសន្តិភាព មានសិទ្ធិសេរីពេញលេញប្អូនៗ ត្រូវខិតខំរៀនសូត្រអោយបានខ្លាំងពូកែដើម្បីអនាគត់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិ។
ជាមួយគ្នានោះដែរ លោក ប្រាក់ សុវណ្ណ បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំឲ្យមានវគ្គនេះឡើង ហើយលោកបាបញ្ជាក់ថា ចំពោះសិស្សានុសិស្សដែលប្រឡងជាប់ ទទួលបាននិទ្ទេស A ឆ្នាំនេះ លោកនឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ចំណែកអ្នកទទួលបាននិទ្ទេស B និងផ្តល់ជូនតាមជាក់ស្តែងនៅពេលដែលលទ្ធផលជាក់ស្តែង។
លោកអភិបាលខេត្ត បានណែនាំឲ្យសហភាពសហព័ន្ធយវជនកម្ពុជាជួយសម្របសម្រួលកន្លែងទទួលផ្ញើកង់ម៉ូតូដោយពុំគិតលុយ ជួយដល់ប្អូនៗ សិស្សានុសិស្ស ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហភាពសហព័ន្ធខេត្ត ជួយសម្របស្រួលកន្លែងស្នាក់នៅរបស់សិស្សានុសិស្សដែលការខ្វះខាតមកពីស្រុកឆ្ងាយៗផងដែរ។
នៅក្នុងឱកាសនោះដែរលោកអភិបាលខេត្តព្រះវិហារ បានផ្តល់ជូនលោកនាយកមកពីតាមវិទ្យាល័យចំនួន ១២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ប្រធានយុវជនស.ស យ.ក.មកពីតាមក្រុង ស្រុកទាំង៨ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងបានឧបត្ថម្ភប្អូនៗសិស្សានុសិស្សដែលប្រលងសាកល្បង ទទួលបាននិទ្ទេសAម្នាក់ នូវសៀវភៅ ៥ ក្បាល ប៊ិច៣ដើម បន្ទាត់ ដែកឈានមួយកំប្លេ វចនានុក្រមអេត្រូនិច ខ្មែរ អង់ក្លេស ថវិកា១០ ម៉ឺនរៀល ចំពោះនិទ្ទេស B ចំនួន ៥ នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ៥ ក្បាល ប៊ិច៣ដើម សម្ភារសិក្សា បន្ទាត់ ដែលមាន ១ កំប្លេ កន្សែងដៃ១ និងថវិកា៥០,០០០ រៀលផងដែរ៕