(កណ្តាល)៖ នៅស្នាក់ការក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយយុវជនស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ណុប រត្ន័និមល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជន ស្រុកកណ្តាលស្ទឹង និងក្រុមការងារតំណាងលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានជួបសំណេះសំណាល ជាមួយលោកនាយក នាយករង-នាយិការរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបតែបានបញ្ចប់ការប្រឡងសាកល្បងកំរិតទុតិយភូមិនៅទូទាំងស្រុកកណ្តាលស្ទឹង។

ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ លោក អភិបាលស្រុកកណ្តាលស្ទឹង លោកនាយក នាយករង-នាយិការរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាល័យទាំងបីទូទាំង ស្រុកកណ្តាលស្ទឹងមាន វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត, វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស, វិទ្យាល័យព្រែកស្លែង, សរុបប្រមាណជាង៧០០នាក់។
ថ្លែងក្នុងអង្គពិធីនៅថ្ងៃនេះ លោក ណុប រត្ន័និមល បានវាយតំលៃខ្ពស់ចំពោះសមត្ថភាព ចំណេះដឹងរបស់ប្អូនៗ ដែលជាសិស្សានុសិស្ស និងបានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមសហការណ៍រៀបចំការប្រឡងសាកល្បងកំរិតទុតិយភូមិ (បាក់ឌុប) នាពេលកន្លងមក ប្រកបដោយភាពជោគជ័យ។

លោកបានបន្តថា ការប្រឡងសាកល្បងនាពេលកន្លងមកថ្មីៗនេះ ពិតជាបានបង្ហាញជូនប្អូនៗ សិស្សានុសិស្សឲ្យយល់ដឹងនូវចំណុចខ្លាំងខ្សោយចំពោះមុខវិជ្ជារបស់ខ្លួន ហើយទុកជាបទពិសោធន៏មួយជួយជំរុញប្អូនៗឲ្យខិតខំសិក្សា និងត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ក្នុងពេលប្រឡងពិតប្រាកដនាពេលខាងមុខនេះ។

លោក ណុប រត្ន័និមល ក្នុងនាមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានបន្ថែមថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ដើម្បីពន្លត់ភ្លើងសង្រ្គាម នាំមកវិញនូវសុខសន្តិភាព និងការអភិវឌ្ឍន៏ឥតឈប់ឈរពីរមួយថ្ងៃ ទៅមួយថ្ងៃ ជូនដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង ដោយសារវីរភាពដ៏ខ្ពង់ខ្ពស់ដែលមិនអាចកាត់ថ្លៃបានពីសំណាក់សម្តេចតេជោ ហ៊ុន សែន នេះហើយ ទើបពេលប្រទេសយើងបច្ចុប្បន្ន មានសុខសន្តិភាព និងមានធនធានមនុស្សជាច្រើន ដែលមានឱកាសបានបញ្ចប់ ការសិក្សាគ្រប់កំរិត ទាំងក្នុងប្រទេស និងក្រៅប្រទេសហើយប្អូនៗ ក៏ត្រូវចងចាំដែរថា ថ្ងៃអនាគត ប្អូនៗ ក៏អាចនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែជឿនលឿនបន្ថែមទៀត ដូចអារិយ្យប្រទេសក្នុងតំបន់អាស៊ាន និងលើសកលលោកទាំងមូល។

ចុងបញ្ចប់ លោក ណុប រត្ន័និមល បានផ្តាំផ្ញើឲ្យប្អូនៗដែលជាសិស្សានុសិស្ស ត្រូវបន្តខិតខំរៀនសូត្រ ពង្រឹងបន្ថែមនៅចំនុចខ្លាំង បំពេញបន្ថែមនូវចំនុចខ្សោយ ថែទាំសុខភាព ត្រៀមលក្ខណៈឲ្យបានល្អដើម្បីប្រឡងពិតប្រាកដនៅថ្ងៃខាងមុននេះ បង្កើនសាមគ្គីភាពឲ្យបានរឹងមាំ ត្រូវគោរពច្បាប់ចរាចរ ចេះគោរពស្តាប់បង្គាប់ឪពុកម្តាយ និងចាស់ទុំចាកឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាសរសរទ្រូងនៃប្រទេសជាតិយើង ទៅថ្ងៃអនាគតផងដែរ។

គួរបញ្ជាក់ដែរថា ការរៀបចំពិធីប្រឡងសាកល្បងទុតិយភូមិទូទាំងស្រុកកណ្តាលស្ទឹងចំនួន៤ លើកកន្លងមកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងសិស្សានុសិស្សទូរទាំងស្រុក៕