(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ដែលបានបន្លំតាំងធ្វើជាមគ្គុទេសទេសចរណ៍ ដើម្បីនាំភ្ញៀវដើរនៅតាមតំបន់រមនីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួនយកទៅ សាកសួរនៅឯមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
មន្រ្តីមន្ទីរទេសចរណ៍បានថ្លែងថា យើទាំងអស់គ្នាដឹងហើយថា វិស័យទេសចរណ៍នៅកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង នាពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសភ្ញៀវទេសចរដែល មកពីប្រទេសចិន ដែលបានចូលមកប្រទេសកម្ពុជា មិនថា អ្នកវិនិយោគ ឬមកទេសចរណ៍នោះទេ ដែលយើងមើលឃើញថា ជនជាតិមាននៅគ្រប់ទីកន្លែងទាំងអស់ ដោយសារ តែកំណើននេះហើយ ដែលធ្វើឲ្យក្រសួងទេសចរណ៍ខិតខំរិះរកយុទ្ធសាស្ត្រ ដើម្បីទទួលស្វាគមន៍ពួកគេ ដូចជា ការបង្កើតរមនីយដ្ឋានថ្មី និងការបណ្តុះបណ្តាលមគ្គទេសទេចរណ៍ ដើម្បីបំរើសេវាកម្មឲ្យបានល្អឲ្យសាកសមទៅនឹងពាក្យថា ទីក្រុងស្អាត រមនីយដ្ឋានស្អាតសេវាល្អ ។
ដោយសម្លឹងឃើញភាពរីកចំរើន និងកំណើន នៃភ្ញៀវទេសចរចិនដូចនេះហើយ បានជាជនជាតិចិនមួយចំនួន បានលួចបន្លំតាំងខ្លួនធ្វើជាមគ្គុទេសដើម្បីនាំភ្ញៀវទាំងនោះ ដែល ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ ជនជាតិចិនដែលមកពីប្រទេសចិន គ្មានវិជ្ជាជីវៈដើរណែនាំភ្ញៀវដោយខ្លួនឯងតាមរូបភាពផ្សេងៗនៅរមនីយដ្ឋានទេសចរណ៍នានា ទូទាំងប្រទេស ដោយគ្មានខ្លាចរអាពីច្បាប់ប្រទេស ធ្វើឲ្យបាត់បង់គុណតំលៃ នៃវិស័យទេសចរណ៍របស់ប្រទេសធ្វើឲ្យមគ្គទេសទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល ដោយក្រសួងទេសចរណ៍គ្មានទីផ្សារ។
ដោយសាបញ្ហានេះហើយ ទើបធ្វើឲ្យមគ្គទេសភាសាចិន មានភាពខឹងសម្បារយ៉ាងខ្លាំងទើបបានសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញនៅថ្ងៃទី០៨ សីហា ឆ្នាំ ២០១៩នេះ បានចុះឃាត់ខ្លួនជនជាតិចិនមួយរូប ដែលកំពុងនាំភ្ញៀវទេសចរចិនដើរកំសាន្តតាមមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេនាំទៅសាកសួរនៅឯមន្ទីរទេសចរណ៍រា ជធានីភ្នំពេញក្រោយពីបានសួរនាំបានឲ្យដឹងថាជនជាតិចិនដែលតាំងខ្លួនជាមគ្គទេសមានឈ្មោះ LIU QINGMIN ភេទប្រុសកាន់លិខិតឆ្លងដែនលេខ EA3681100 បានសារភាពថាខ្លួនពិតជាបាននាំភ្ញៀវដើរកំសាន្តពិតមែន ។
សូមបញ្ជាក់ថា ជនជាតិចិនខាងលើនេះមិនមែននាំភ្ញៀវជាលើកទីមួយទេ រូបគេធ្លាប់បានទទួលការណែនាំពីមន្ត្រីក្រសួងទេសចរណ៍មន្ទីរទេសចរណ៍ម្តងរួចមកហើយ ហើយ បានធ្លាប់ផ្តិតមេដៃធ្វើកិច្ចសន្យារួចមកហើយដែរ។
ក្រុមមន្រ្តីក្រសួងទេសចរណ៍រួមមាន៖ លោក ឈឿប ភីរុម្យ ប្រធានការិយាល័យបណ្តុះបណ្តាលមគ្គទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍, លោកពុទ្ធា សោភណ្ណរ៉ា ប្រធានការិយាល័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមគ្គទេសក៍ទេសចរណ៍, អ្នកស្រី សាយ ពិសី ប្រធានការិយាល័យបណ្តុះបណ្តាលមគ្គទេសក៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ
លោក សៅ វឌ្ឍនា នាយផ្នែកប៉ូលីសទេសចរណ៍គោលដៅ បានសំរេចចិត្តធ្វើការផាកពិន័យជនជាតិចិន ដែលនាំភ្ញៀវខុសច្បាប់ខាងលើស្របទៅតាមគោលការណ៍ស្មារតី នៃច្បាប់ស្តីពីទេសចរណ៍មាត្រា ៦៥ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២លានរៀល នៃតំលៃអប្បរមា ក្នុងករណីមិនរៀងចាលហើយនៅតែបន្តនាំភ្ញៀវដោយខុសច្បាប់ទៀត ការផាកពិន័យកើនឡើងរហូតដល់អតិបរមា ២០លានរៀល ព្រមទាំងចាត់ការតាមនិតិវិធីច្បាប់ផ្សេងដែលបានចែង។
ការផាកពិន័យនេះដែរ ក៏មានការចូលរួមដឹងលីពី៖ លោក ឈិន ដាវី ប្រធានសមាគមន៍មគ្គទេសក៍ទេសចរណភាសាចម្រុះប្រចាំរាជធានីភ្នំពេញ, លោកឈុន សំណាង អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណភាសាចម្រុះនិងជាប្រធានសមាគមន៍មគ្គទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ, អ្នកស្រី ដោកចន្ទី អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ, អ្នកស្រីតាន់សុវណ្ណយូ លេខាធិការសមាគមន៍មគ្គទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ និងមគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជាធានីភ្នំពេញជាច្រើននាក់ ៕