(ភ្នំពេញ)៖ ក្បាលម៉ាស៊ីនអាណត្តិថ្មី អាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានរកឃើញហើយ គឺលោកឧកញ៉ា ហ៊ុន ឡាក់ ជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ និងលោកឧកញ៉ា សុង សារ៉ន ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading និងលោក សុង សារ៉ន ជាប្រធានក្រុមហ៊ុន Amru Rice។
ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន សម្រាប់អាណត្តិទី២នេះ រៀបចំឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ។
ពិធីប្រកាសទទួលស្គាល់ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានតួអង្គសំខាន់ៗនៅក្នុងវិស័យស្រូវអង្ករ។
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជាដៃគូតែមួយគត់ សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្កររបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្នុងរយៈពេល៥ឆ្នាំមកនេះ ប្រធានសហព័ន្ធស្រូវអង្ករត្រូវគ្រប់គ្រងដោយលោក សុខ ពុទ្ធិវុធ សម្រាប់រយៈពេល២អាណត្តិ គឺអាណត្តិទី១ រយៈពេល២ឆ្នាំ និងអាណត្តិទី២ រយៈពេល៣ឆ្នាំ៕