(រតនគិរី)៖ សពក្មេងស្រីម្នាក់ដែលបានលិចទូក ដោយជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ ខេត្តរតនគិរី កាលពីព្រឹកមិញ ត្រូវបានសមត្ថកិច្ចប្រទះឃើញហើយនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគីរី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សពក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានរកឃើញហើយ ក្រោយលិចទុកបាត់ខ្លួន កាលពីព្រឹកមិញ ព្រោះតែទឹកជន់លិច។
កាលពីព្រឹកមិញ ខណៈជំនន់ទឹកភ្លៀងកំពុងតែវាយប្រហារយ៉ាងគំហុកនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យលិចផ្លូវក្នុងមូលដ្ឋានភូមិជ័យឧត្តម ឃុំជ័យឧត្តម ហើយប្រជាពលរដ្ឋបាននាំគ្នាយកទូក ដើម្បីដាក់ឆ្លងទៅវិញទៅមក ស្រាប់តែកំពុងឆ្លងនោះទឹកក៏ហូរកាន់តែខ្លាំង ធ្វើឱ្យលិចទូក និងបាត់ខ្លួនក្មេងស្រីម្នាក់ ភ្លាមៗអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារតែអំណាចទឹកហូរបាននាំក្មេងស្រីម្នាក់នៅទៅបាត់។
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅខេត្ដរតនគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា បានគូសបញ្ជាក់ថា នៅចំណុចកើតហេតុ មានការដាច់ផ្លូវ ហើយអាជ្ញាធរបានហាមឃាត់មិន ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ ហើយលោកក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីបានទទួលដំណឹង នៃការរងគ្រោះដោយសារទឹកជំនន់ របស់ប្រជាពលរដ្ឋនៅខេត្តរតនគិរីភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញបញ្ជាឱ្យរូបលោកដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានហក់ឡើងយ៉ាងខ្លាំងដោយសារទឹកភ្លៀងធ្លាក់ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនត្រូវបានជនលិច អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្ត បានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដោយស្វែងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕