Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការរងគ្រោះដល់ប្រជាពលរដ្ឋ (Video inside)

09-08-2019 16:29

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការរងគ្រោះដល់ប្រជាពលរដ្ឋ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាបានជួបនូវគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តមួយចំនួន ទទួលនូវការលិចលង់ ដូចជាករណីនៅខេត្តព្រះសីហនុជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមអរគុណដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នាពេលនេះ។ សូមក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការឲ្យបានខ្ពស់ សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការគ្រោះដល់ប្រជាពលរដ្ឋ»។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថ្មីមួយថា កម្ពុជាចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩ ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។

ក្រសួងក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តដែលត្រូវប្រឈមឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន៕