(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវចប់អាណត្តិ បានថ្លែងជំរុញឱ្យប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានជ្រើសរើសថ្មី និងសមាជិកសហព័ន្ធទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នាជាធ្លុងមួយ ទើបធ្វើឱ្យយើងទាំងអស់គ្នាខ្លាំង ក្នុងការស្វែងរកដំណោះស្រាយ ទៅលើបញ្ហាប្រឈមទាំងអស់បាន ហើយនឹងធ្វើឱ្យយើងទទួលបាននូវនិរន្តរភាព និងអាចសម្រេចបានជោគជ័យ និងការរីកចម្រើនលើវិស័យស្រូវអង្ករនេះបាន។

លោក សុខ ពុទ្ធិវុធ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីមហាសន្និបាត និងការបោះឆ្នោត អាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកសហព័ន្ធស្រូវអង្ករជាច្រើនរូបផងដែរ។

លោក សុខ ពុទ្ធិវុធ បានថ្លែងទៀតថា «យើងមិនត្រូវប្រកួតប្រជែង ដើម្បីដណ្តើមគ្នាលើចំណែកតូចមួយនោះទេ តែផ្ទុយទៅវិញយើងត្រូវខិតខំរួមគ្នា បង្កើតឱ្យកាន់តែច្រើន និងកាន់តែធំ ដោយយើងត្រូវរួមគ្នាពង្រឹងការប្រកួតប្រជែងស្រូវអង្ករកម្ពុជាយើង និងពង្រីកទំហំទីផ្សារទៅខាងក្រៅឱ្យបានកាន់តែច្រើន នៅពេលខាងមុខទៀត ដើម្បីឱ្យវិស័យស្រូវអង្ករកាន់តែរីកចម្រើនខ្លាំងថែមទៀត ក្នុងនោះយើងទាំងអស់គ្នា ត្រូវបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងពង្រឹងនូវស្មារតី នៃការពួតដៃសាមគ្គីភាពគ្នា ក្នុងការធ្វើការងារ»

លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ទៀតថា រយៈពេលកន្លងមកនេះ យើងបានរួមសហការគ្នាជាធ្លុង ក្នុងការតស៊ូផ្នែកច្បាប់ លើការដាក់របាំងពន្ធ មកលើការនាំចេញអង្ករកម្ពុជារបស់សហភាពអឺរ៉ុប និងបានរៀបចំធ្វើការតវ៉ា ផ្នែកច្បាប់ បន្តទៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ បើទោះជាមានសម្ពាធពីសហភាពអឺរ៉ុបនេះក្តី សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានស្វែងរកទីផ្សារនាំចេញដទៃផ្សេងទៀត ដើម្បីធានាថា សម្ពាធនេះមិនប៉ះពាល់ដល់ការនាំចេញអង្ករឡើយ។ ជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការនាំចេញអង្គរកម្ពុជាមានការកើនឡើងចំនួន៣.៧%។

លោកបានបញ្ជាក់ទៀតថា វិស័យស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ យើងបានបង្រួបបង្រួមសមាគមន៍ មកជាសហព័ន្ធតែមួយ ជាសម្លេងតែមួយ ហើយធ្វើការបំរើដល់សមាជិកទាំងអស់ និងវិស័យនេះទាំងមូល។ ការរួបរួមគ្នានេះ បានបង្កភាពងាយស្រួល ក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា ដល់រាជរដ្ឋាភិបាលដើម្បីដោះស្រាយ។ ការរួមគ្នាតែមួយនេះ ក៏បានជួយសម្រួលផងដែរ ដល់កិច្ចសហប្រតិបត្តិការ ក្នុងការធ្វើសកម្មភាពជាមួយរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្គរ ពិសេសកាត់បន្ថយថ្ងៃដើម បង្កើននូវការប្រកួតប្រជែងរបស់អង្ករកម្ពុជា យើងបានរួមគ្នាជាសម្លេងតែមួយ ក្នុងការស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាដូចជា ការជំរុញកសិកម្មតាមកិច្ចសន្យា តម្លៃភ្លើងអគ្គិសនី ពន្ធដារ តម្លៃដឹកជញ្ជូន ទូរស្ងួត កង្វះទុនបង្វិល ការបង្កើតម៉ាកសញ្ញាអង្គរជាដើម ហើយក៏បានទទួលនូវការឆ្លើយតបជាវិជ្ជមានច្រើនផងដែរ។ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា យើងបានខិតខំក្នុងការពង្រឹងឱ្យកាន់តែរឹងមាំ ដល់តួអង្គផ្សេងៗ ក្នុងសង្វាក់ផលិតកម្ម សំដៅបង្កើនការទុកចិត្តគ្នារវាងតួអង្គទាំងអស់ ក្នុងសង្វាក់ផលិតកម្មរបស់យើងផងដែរ៕