(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា នឹងអញ្ជើញចូលរួមពិធីជប់លៀង ដែលរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា។
លោកប្រធានាធិបតីស្រីលង្កា បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង១១៖០០ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាបអង្គ។
ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
លោកប្រធានាធិបតីប្រទេសស្រីលង្កា នឹងចាកចេញពីប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ៕