(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យនាយទាហានទាំងអស់របស់វិទ្យាស្ថានទ័ពជើងគោក ត្រូវខិតខំហ្វឹកហ្វឺន សំដៅពង្រឹងពង្រីកសមត្ថភាព ឱ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំ។
ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ទុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក នាខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិតនាយទាហានគ្រប់ជំនាន់ ដែលកំពុងបំពេញការងារ និងកំពុងបំពេញកម្មសិក្សា ហ្វឹកហ្វឺនជំនាញយោធា នៅក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាជន នឹងការគាំទ្ររាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលបានសុខសន្តិភាព និងភាពរីកចម្រើននាពេលកន្លងមក។
តាងនាមឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកបានសំដែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបម្រើការ ដូច្នេះ ត្រូវបន្តពង្រឹងថែមទៀត លើការគាំទ្រប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាប្រការចាំបាច់បំផុតតម្រូវឱ្យកងយោធពលខេមរភូមិន្ទ នៅគ្រប់កងឯកភាព ត្រូវតែមានការហ្វឹកហ្វឺន ឱ្យបានជាប់ជាប្រចាំឱ្យដល់កងទ័ពលើគ្រប់ជំនាញ ទាំងជំនាញយោធា ចំណេះដឹងទូរទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលទើបចូលមកហ្វឹកហ្វឺនសម្រាប់វគ្គបណ្ដុះបណ្ដាលនាយទាហានគ្រប់ជំនាន់ និងប្អូនៗ ដែលកំពុងហ្វឹកហ្វឺន និងត្រូវហ្វឹកហ្វឺនបន្តត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន ជំនាញយោធា នៅទីនេះឱ្យបានកាន់តែប្រសើរ ដើម្បីពេលបញ្ចប់វគ្គប្អូនប្អូនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមបម្រើ ឱ្យបុព្វហេតុការពារជាតិមាតុភូមិ ឱ្យបានរឹងមាំ ជាពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕