(ស្វាយរៀង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានលើកឡើងថា សកម្មភាពរបស់ ស.ស.យ.ក នាពេលកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យុវជនយើងបាននឹងកំពុងធ្វើអ្វីៗ លើសពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍ សម្រាប់សង្គមយើងទាំងមូល។
ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដោយមនការចូលរួមពី សំណាកលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀង សរុបចំនួន១៦១០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។
នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងរយៈ៧ឆ្នាំចុងក្រោយនេះ អ្វីដែលធ្វើឱ្យលោកមានមោទនភាព ក្នុងនាមជាប្រធាន ស.ស.យ.ក. ហើយមានកម្លាំងចិត្តធ្វើបន្តទៀតនោះ គឺសមាជិក សមាជិកា គ្រួសារ ស.ស.យ.ក យើងបានរីកលូតលាស់ជាបន្តបន្ទាប់។ ព្រមទាំងសូមអរគុណ ចំពោះសមាជិក សមាជិកា ដែលជ្រើសរើសពាក់ឯកសណ្ឋានមួយនេះ ពេលប្រជាពលរដ្ឋឃើញ Logo របស់យើង គឺមិនដែលផ្សារភ្ជាប់ ទៅភាពអវិជ្ជមាននោះទេ ប្រជាពលរដ្ឋតែងតែផ្សារភ្ជាប់ទៅលើកិច្ចការសង្គម... នេះហើយជាមោទនភាពរបស់របស់ ស.ស.យ.ក។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ក៏បានជំរុញនិងលើកទឹកចិត្តឱ្យយុវជន បន្តចូលរួមក្នុងសកម្មភាពសង្គម ដោយសង្កត់ធ្ងន់ថា «យើងទាំងអស់ មកពីប្រភពផ្សេងគ្នា និងអាចមានភាពផ្សេងគ្នា ប៉ុន្តែយើងមាននូវបុព្វហេតុរួមគ្នាមួយនោះ គឺការរួមគ្នាបង្កើតភាពជាគម្រូ និងភាពវិជ្ជមាន សម្រាប់សង្គមយើង និងសម្រាប់កូនចៅយើងជំនាន់ក្រោយ»។
លោកបានបញ្ជាក់ថា សកម្មភាព នៃការចូលរួមរបស់ ស.ស.យ.ក. ពិតជាបានបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរការអភិវឌ្ឍសង្គម ព្រមទាំងសបញ្ជាក់ឱ្យឃើញពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជនដែលមានភាពសកម្ម ចរិកល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំផងដែរ៕