(រតនគិរី)៖ ថ្លែងចេញពីខេត្តរតនគិរី ទីដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកលំផាត់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសង្គ្រោះបានបញ្ចេញទូកជាង៧០គ្រឿង ជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅរកទីទួលសុវត្ថិភាព។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ឥលូវនេះទូកប្រមាណជា៧០គ្រឿង បានពង្រាយទៅតាមមូលដ្ឋានភូមិ និងឃុំ ដើម្បីធ្វើមិចជួយសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋមកទួលសុវត្ថិភាព»។
បើតាមការឲ្យដឹងពី លោក គន់ គីម រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅឃុំចំនួន២ នៃស្រុកលំផាត់ ដែលរងផលប៉ះពាល់ផ្ទះសម្បែង ប្រមាណ១,០០០គ្រួសារ ត្រូវបានជម្លៀសបណ្ដើរៗទៅកាន់ទីទួលមានសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា នៅតំបន់ខាងលើក៏បង្កលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយហេតុថា ទីទួលមានសុវត្ថិភាពមានច្រើនទីតាំង ដូច្នេះហើយសមត្ថកិច្ចមិនលំបាកក្នុងការស្វែងរកនោះទេ។
ទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងស្ថិតនៅតំបន់ប្រឈមខាងលើ បានអះអាងទៀតថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទាំងអស់ ចុះពិនិត្យមើលផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដោយផ្ទះខ្លះលិចដល់ដំបូល ហើយខ្លះទៀតលិចត្រឹមពាក់កណ្ដាល ខណៈអ្នកដែលត្រូវជម្លៀស ទៅរកកន្លែងសុវត្ថិភាពនោះ មានកុមារ ចាស់ជរា និងជនពិការជាដើម។
ដោយឡែក ផលដំណាំរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់វិញ ត្រូវបានលោក គន់ គីម ឲ្យដឹងថា ស្រូវជាង១,០០០ហិចតា និងដំណំាគួបផ្សុំជាង២០០ហិកតា ត្រូវបានជន់លិច។ តែមិនទាន់អាចវាយតម្លៃថា ខូចខាតប៉ុន្មាននៅឡើយនោះទេ។
សូមបញ្ជាក់ថា ភូមិឋានរបស់ប្រជាពលរដ្ឋនៅឃុំសេដា និងឃុំជ័យឧត្ដម ក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានរងការជន់លិចយ៉ាងខ្លាំងដោយសារតែជំនន់ទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាឲ្យលោកទេសរដ្ឋមន្ដ្រី គន់ គីម ចុះដោះស្រាយបន្ទាន់ចំពោះបញ្ហានេះ។ នៅព្រឹកថ្ងៃទី០៩ ខែសីហា នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដោយដឹកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មយយចំនួនទៀតទៅកាន់តំបន់លិចលង់។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជានោះ ពេលធ្វើដំណើរទៅដល់កន្លែងលិចលង់លោក គន់ គីម បានជិះទូកមើលតាមលំនៅឋានរបស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ក៏បានជួបជុំចែកស្បៀង និងរបស់ប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ហើយបានថ្លែងប្រាប់ពួកគេថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខ្វាយខ្វល់ និងព្រួយបារម្ភជានិច្ចចំពោះសុខទុក្ខរបស់ពលរដ្ឋរងគ្រោះទាំងអស់។
លោក គន់ គីម បានប្រាប់ប្រជាពលរដ្ឋរងគ្រោះទៀតថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចត្រៀមខ្លួនជាប់ជានិច្ចដោះស្រាយការលំបាកជូនពលរដ្ឋរងគ្រោះ។
បើទោះបីជាកំពុងរងគ្រោះយ៉ាងណាក្តី តែប្រជាពលរដ្ឋមានភាពកក់ក្តៅបន្ទាប់ពីទទួលបានយកការចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចប្រធានកាកបាទក្រហមកម្ពុជា។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងអ្នកនាំពាក្យ បានប្រាប់បណ្ដាញព័ត៌មានថា នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានប៉ះពាល់ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលស្ថានភាពទឹកនៅទីនោះមានកម្ពស់ ១៣.៨០ម៉ែត្រ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ពោលជាកម្រិតហួសពីការប្រកាសអាសន្ន ដែលមានត្រឹម១២.៥០ម៉ែត្រ៕