(ពោធិ៍សាត់)៖ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុន CP និងអង្គការម្លប់ឬស្សី នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការបរិភោគសាច់ជ្រូក នៅមុខផ្សារពោធិ៍សាត់ ក្រោមប្រធានបទ «កម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព ខេត្តពោធិ៍សាត់»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចេង ឡៃ អភិបាលរងខេត្ត និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត រួមទាំងមន្រ្តីរាជការជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករលក់សាច់ជ្រូក ក្នុងផ្សារពោធិ៍សាត់។
លោក ចេង ឡៃ អភិបាលរងខេត្ត បានថ្លែងថា កន្លងទៅថ្មីៗនេះ ក្រោយពីមានព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានការខ្លាចរអារ រហូតដល់មិនហ៊ានបរិភោគសាច់ជ្រូក ដោយភ័យខ្លាចពីជំងឺមួយនេះ។ លោកអភិបាលរងខេត្ត បានបន្តថា «ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ។ ម្យ៉ាងទៀត ការហូបសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមក្នុងស្រុក និងបងប្អូនអាជីវករលក់សាច់ជ្រូកផងដែរ»។
លោក ចេង ឡៃ បានបន្ថែមថា ចំពោះសាច់ជ្រូក ដែលដាក់លក់នៅក្នុងទីផ្សារ សុទ្ធតែពិនិត្យត្រឹមត្រូវពីមន្ត្រីបសុពេទ្យខេត្តជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញមកលក់ទីផ្សារនានាបាន ដូចសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភឲ្យសោះថា សាច់ជ្រូកដែលដាក់លក់ជាជ្រកមានជំងឺ ពោលមន្រ្តីពេទ្យសត្វបានពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត។
លោកអភិបាលរងខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូក ពីក្រៅប្រទេសយកមកលក់នៅលើទីផ្សារកម្ពុជាយើងនោះទេ ជាពិសេសមន្ទីរកសិកកម្ម តាមរយៈការិយាល័យបសុព្យាបាល ត្រូវធ្វើសកម្មភាពឲ្យបានខ្លាំក្លាបន្តទៀត ក្នុងការចុះបាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលចញ្ចឹមជ្រូក និងកសិដ្ឋានចញ្ចឹមជ្រូកនៅក្នុងខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះ ក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត រួមនឹងក្រុមការងារក្រុមហ៊ុន CP ក៏បានចែកសាច់ជ្រូកខ្វៃ និងសាច់ជ្រូកស្រស់ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ ពិសាជួបជុំគ្នាដើម្បីបញ្ជាក់ថាសាច់ជ្រូកក្នុងខេត្តពោធិ៍សាត់ ពិតជាមានសុវត្ថិភាព៕