(ក្រចេះ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ រៀបចំពិធីហូបសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារសាមគ្គីក្រុងក្រចេះក្រោមអធិបតីភាពលោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ រួមប្រជាពលរដ្ឋ និងអាជីវករយ៉ាងច្រើនកុះករ។
អភិបាលខេត្តក្រចេះ បានជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ឲ្យងាកមកបរិភោគសាច់ជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក ពីព្រោះជំងឺមិនឆ្លងមកមនុស្សទេ សូមបងប្អូនអញ្ជើញពិសាសាច់ជ្រូកទាំងអស់គ្នា ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លង និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សយើងទេ។
លោក ជា វណ្ណដេត បានបញ្ជាក់ថា ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និងមន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព។
ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។
តាមការបញ្ជាក់ពីមន្រ្តីជំនាញ នៃការិយាល័យបសុពេទ្យ បញ្ជាក់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក៕