(កំពង់ស្ពឺ)៖ លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ តំណាងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានបើកកិច្ចប្រជុំជាមួយ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ អំពីការចុះអធិការកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមពីមន្ត្រី កងរាជអាវុធហត្ថចំនួន ៤២រូប ។
មន្ត្រីនគរបាលយុត្តិធម៌មានភារកិច្ច៖
*ទទួលពាក្យបណ្តឹងទាមទារ បណ្តឹងបរិហា ព្រមទាំងរបាយការណ៍ នគរបាលយុត្តិធម៌ទាក់ទងបទឧក្រិដ្ឋ បទបជ្ឈឹម និងបទលហុនានា
*ចាត់ចែងប្រមូលភស្តុតាងនានា
*អាចស្នើសុំជំនួយពីកម្លាំងសាធារណៈ និងធ្វើកំណត់ហេតុ អាចទទួលលិខិតបង្គាប់ឲ្យសួរជំនួស អាចសម្រេចឃាត់ខ្លួនបានក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរ
*ក្នុងករណីរឿងឧក្រិដ្ឋ និងបជ្ឈឹមជាក់ស្តែង អាចយកចំលើយសាក្សី ធ្វើការឆែកឆេរ និងរឹបអូសវត្ថុតាង អាចចាត់តាំងអ្នកជំនាញ សម្រេចឃាត់ខ្លួនជនល្មើស «៤៨ម៉ោងយ៉ាងយូរ» *ចាប់បុគ្គលណាប្រសិនជាមានភស្តុតាង ឬជនមានការសង្ស័យ មានមូលដ្ឋានច្បាស់លាស់ សម្រេចធ្វើការចោទប្រកាន់បាន
*ត្រូវកត់ត្រាក្នុងលិខិតជាលាយលក្ខណ៍ជាអក្សរ និងលទ្ធផល នៃការស្រាវជ្រាវរបស់ខ្លួន
*តាមគោលការណ៍កំណត់ហេតុ មិនមែនជាមូលដ្ឋានចាំបាច់ នៃការចោទប្រកាន់ទេ។ កំណត់ហេតុនោះ គ្រាន់តែជាការផ្តល់ធាតុផ្សំទាំងឡាយ នៃបទល្មើសសម្រាប់ជាមូលវាចារណ៍របស់អយ្យការ និងចៅក្រមតែប៉ុណ្ណោះ។
*មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ជូនក្នុងរយៈពេលដ៏ខ្លីបំផុតនៅក្នុងកំណត់ហេតុរបស់ខ្លួន ព្រមទាំងវត្ថុតាងភ្ជាប់មកជាមួយផងទៅព្រះរាជអាជ្ញាសាលាជំរះក្តីមានសមត្ថកិច្ច
*មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិពិនិត្យបញ្ជាក់ផ្ទាល់នៅបទល្មើសព្រហ្មទណ្ឌទាំងឡាយ លើកលែងតែបទល្មើសខ្លះ ដែលច្បាប់តំរូវឲ្យមានពាក្យបណ្តឹងជាមុនដាច់ខាត *មន្ត្រីនគរបាលយុត្តិធម៌ក៏មានសិទ្ធិកត់ត្រាចំលើយសាក្សី និងមានសិទ្ធិឆែកឆេរលំនៅដ្ឋានផងដែរ ប៉ុន្តែសិទ្ធិឆែកឆេរលំនៅដ្ឋាននេះ និងអាចធ្វើទៅបានតែកាលណាមានរឿងឧក្រិដ្ឋ ឬបទល្មើសជាក់ស្តែងតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា វិស័យយុត្តុធម៌ តែងធ្វើកិច្ចប្រជុំរវាងតុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ រយៈពេល ៣ខែម្តង ហើយធ្វើឡើងគ្រប់អង្គភាព ក្នុងន័យពង្រឹងវិស័យយុត្តិធម៍ឲ្យប្រព្រឹត្តទៅតាមផ្លូវច្បាប់ ឲ្យពលរដ្ឋទទួលបានយុត្តិធម៌ដោយមិនលម្អៀងឡើយ៕