(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារក្រាំងល្វា និងតូបលក់ជុំវិញផ្សារ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកមិនឃើញទំនិញណាមួយខូចគុណភាពឡើយ។
លោកយីវ ណារិន ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខា បានឲ្យដឹងថា ក្រុមការងារជំនាញ បានធ្វើតេស្តបឋមទៅលើបន្លែ ត្រកួន , ស្ពៃក្រញ៉ញ់ និងត្រសក់ ជាលទ្ធផលបឋម គឺយើងពុំមានឃើញសារធាតុគីមីឡើយ ។ យ៉ាងណាមិញមន្រ្តីជំនាញ បានផ្សព្វផ្សាយតាមរយៈផ្ទាំង Poster ពីសុវត្ថិភាពម្ហូបអាហារ , ការរៀបចំទំនិញតាំងលក់ និងមានអនាម័យល្អ។
លោកយីវ ណារិន ក៏បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
មួយវិញទៀត ក្រុមការងារ បានឃ្លាំពិនិត្យតម្លៃលក់រាយ នៅតាមស្ថានីយ/ដេប៉ូ ចំនួន ០៣ទីតាំង រីឯតម្លៃលក់រាយនេះ គឺសមស្រប តាមតម្លៃ ដែលក្រសួងបានកំណត់៕