Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញទឹកក្រូច ទឹកត្រី និងប័រខូចគុណភាព ដាក់តាំងលក់នៅផ្សារអូរឫស្សីថ្មី និងផ្សារគីឡូពីរ, មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដកហូតទុកដុតកំទេចចោល

09-08-2019 14:46

(ស្ទឹងត្រែង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារចំនួនពីរ គឺផ្សារអូរឫស្សីថ្មី និងផ្សារគីឡូពីរ ស្ថិតនៅក្រុងស្ទឹងត្រែង រកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង បានឲ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកប្រធានសាខា បានឲ្យដឹងថា ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖

*ទី១៖ ផ្សារអូរឫស្សីថ្មី ដកហូតនូវទឹកក្រូចចំនួន៤៨ដបហួសកាលបរិខ្ឆេទប្រើប្រាស់
*ទី២៖ ផ្សារគីឡូពីរ (គីឡូ២) ដកហូតនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូគុណភាពមួយចំនួន។

បន្ទាប់មកមន្ត្រីជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕