(ភ្នំពេញ)៖ អង្គការឃែរគឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិ ដែលធ្វើការក្នុងទិសដៅប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រជាសកល បានប្រកាសរកម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់ឯកជន ដេញថ្លៃដើម្បីសាងសង់អគារសម្រាប់សិស្ស ស្ថិតនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់ឯកជនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ សូមទៅទទួលពាក្យ និងឯកសារដាក់ដេញថ្លៃ នៅការិយាល័យអង្គការឃែរកម្ពុជា នៅទីក្រុងភ្នំពេញ ដែលមានទីតាំងផ្ទះលេខ ២១៦ ជាន់ទី៤ មហាវីថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅការិយាល័យអង្គការឃែរកម្ពុជា ប្រចាំខេត្ដមណ្ឌលគីរី ដែលមានទីតាំងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចាប់ពីម៉ោង ៨៖00ព្រឹក ដល់ម៉ោង ១២៖00 និង ពីម៉ោង ២៖00 រសៀល ដល់ម៉ោង ៥៖00លា្ងច។
អង្គការឃែរគឺជាអង្គការអភិវឌ្ឍន៍ អន្តរជាតិដែលធ្វើការក្នុងទិសដៅ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសកល ដោយផ្តោតជាពិសេសលើស្រ្តី និងកុមារីដើម្បីនាំមកនូវការផ្លាស់ប្តូរ ប្រកបដោយនិរន្តរភាពដល់សហគមន៍របស់ពួកគេ។ អង្គការឃែរមានបំណងដោះស្រាយបុព្វហេតុ ដែលជាឫសគល់នៃភាពក្រីក្រ និងភាពអយុត្តិធម៌ក្នុងសង្គម និងនាំមកនូវការផ្លាស់ប្តូររយៈពេលយូរអង្វែង ដល់ជីវិតរស់នៅរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
អង្គការឃែរបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥។ បច្ចុប្បន្ននេះអង្គការឃែរ បានធ្វើការជាមួយប្រទេសចំនួនជាង៩០ប្រទេស នៅជុំវិញពិភពលោក។ អង្គការឃែរ បាននិងកំពុងធ្វើការជាមួយ ប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៣ ដែលមានការិយាល័យ នៅទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៩១។
សព្វថ្ងៃនេះ អង្គការឃែរធ្វើការផ្តោតជាពិសេសទៅលើស្រ្តីបាត់បង់ឱកាស និងងាយរងគ្រោះក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់ភាពអង់អាចដល់ពួកគេ។ អង្គការឃែរ បានធ្វើការជាមួយប្រជាជន រាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសធ្វើការជាមួយស្រ្តីដែល បានធ្វើចំណាកស្រុកទៅទី ក្រុង ស្រ្តី និងកុមារីដែលជាជនជាតិភាគតិច ហើយស្រ្តីជនបទដែលបានឆ្លងកាត់ នូវការបដិសេធសិទ្ធិរបស់ពួកគេជាច្រើនដង។
អង្គការឃែរ នឹងរៀបចំឱ្យមានដំណើរទស្សនកិច្ចទៅការដ្ឋានសាងសង់នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ទីកន្លែងជួបជុំ៖ ការិយាល័យអង្គការឃែរដែលមានអាសយដ្ឋាននៅភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគីរី ម៉ោងចេញដំណើរទៅការដ្ឋាន៖ ម៉ោង ១៖៣០នាទី រសៀល ។ ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរនេះ។ រាល់ការចំណាយផ្សេងៗដែល ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អង្គការឃែរ ជាភាសាខ្មែរ និងអង់គ្លេស ដើម្បីអំពាវនាវរកក្រុមហ៊ុនម៉ៅការសំណង់ឯកជន ចូលរួមដេញថ្លៃ ដើម្បីសាងសង់អគារសម្រាប់សិស្ស នៅខេត្តមណ្ឌលគិរី៖