(ភ្នំពេញ)៖ លោក ប្លង់ ឆ្លាម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មី។ ពិធីបោះឆ្នោតត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា អនុលោមតាមមាត្រា ៤ ចំណុចទី៦ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងលិខិតលេខ ១៣៥៧ កយ.រប/១៩ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងយុត្តិធម៌ ស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញជ្រើសតាំងឥស្សរជន ០១រូប ក្នុងតំណែងជា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលដំណើរការនៃការជ្រើសតាំងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃ មុនពេលបញ្ចប់អាណត្តិនីមួយៗ។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្សព្វផ្សាយជាសាធារណៈជូនសាធារណជនឱ្យដាក់ពាក្យដោយទុករយៈពេល ១៥ថ្ងៃ សម្រាប់ការដាក់ពាក្យចូលរួមប្រកួតប្រជែង។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា ចាប់តាំងពីថ្ងៃជូនដំណឹងរហូតដល់ពេលផុតកំណត់ទទួលពាក្យថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនចំនួន ០១រូប គឺលោក ប្លង់ ឆ្លាម ។

នៅព្រឹកមិញនេះ អង្គប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានបោះឆ្នោតជ្រើសតាំងលោក ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៥ឆ្នាំ លើកទី២ ដោយសំឡេងឆ្នោតយល់ព្រមចំនួន ០៧សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល។

លោក ប្លង់ ឆ្លាម ធ្លាប់បានបម្រើការងារជាចៅក្រោមតុលាការខេត្តសៀមរាប និងឧត្តរមានជ័យពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤, អនុប្រធានតុលាការខេត្តសៀមរាប-ឧត្តរមានជ័យពីឆ្នាំ១៩៨៤ ដល់១៩៨៨, ប្រធានតុលាការខេត្តសៀមរាប-ឧត្តរមានជ័យ ពីឆ្នាំ១៩៨៨ ដល់២០០៥, ប្រធានសាលាដំបូងខេត្តកំពង់ចាមពីឆ្នាំ២០០៥ ដល់២០១០, ប្រធានសាលាដំបូងខេត្តតាកែវពីឆ្នាំ២០១០ ដល់២០១៤ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រោមពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ន។

លោក ប្លង់ ឆ្លាម បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ១៩៧៣-១៩៧៥, វិញ្ញាបនបត្រទទួលស្គាល់កម្រិតស្មើបរិញ្ញាបត្ររដ្ឋបាលសាធារណៈ, សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈឆ្នាំ២០០៥-២០០៧។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីកិច្ចសម្រេច និងស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងការផ្លាស់ប្តូរការដកហូតមុខងារការដំឡើងឋានន្តរសក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។

យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានកំណត់ថា ឧ ត្ត ម ក្រុមប្រឹក្សា នៃ អង្គចៅក្រម ត្រូវ ស្ថិតនៅក្រោម ព្រះរាជាធិបតីភាព របស់ ព្រះមហាក្សត្រ និង មាន សមាជិក ចំនួន ១១រូប។

ក្នុងនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក, ប្រធានតុលាការកំពូល ជាសមាជិក, អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ជាសមាជិក, សមាជិកមួយរូប ជ្រើសតាំងដោយព្រឹទ្ធសភា, សមាជិកមួយរូបជ្រើសតាំងដោយរដ្ឋសភា, សមាជិកមួយរូបជ្រើសតាំងដោយក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកមួយរូបជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងចំណោមព្រះរាជអាជ្ញាពេញសិទ្ធិទាំងអស់, សមាជិកមួយរូប ជាចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ ជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់, សមាជិកមួយរូប ជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ ឬព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញាបម្រើការនៅមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងនៅក្រសួងយុត្តិធម៌, សមាជិកមួយរូប ជាចៅក្រមពេញសិទ្ធិនៃសាលាដំបូង ជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស និងសមាជិកមួយរូបទៀត ជាព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញាពេញសិទ្ធិនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស៕