(បាត់ដំបង)៖ មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង សហការជាមួយមេគណខេត្តទាំង២គណៈ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីពង្រឹងការងារគ្រប់គ្រង និងការបង្រៀនសមណសិស្ស ផ្នែកពុទ្ធិកសិក្សាក្នុងខេត្ត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០១៩ ក្រោមព្រះវត្តមានព្រះវិសុទ្ធវង្ស អ៊ុក មុត ព្រះរាជាគណៈថ្នាក់កិត្តិយស (មហានិកាយ) ព្រះធម្មត្ថេរ ឡុង សុងលី ព្រះមេគណខេត្តបាត់ដំបង (ធម្មយុត្តិ) និងវត្តមានលោក គុណសម្បត្តិ មុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក្រោមការគ្រប់គ្រងដោយលោក កែវ រតនៈ អនុប្រធានមន្ទីរ។
កម្មវិធីនេះក៏មានការចូលរួមពីមន្ទីរអបរំ យុវជន និងកីឡាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្ត ក្រុង ស្រុកទាំង ១៣ប្រមាណ១២០នាក់។
លោក គុណសម្បត្តិ មុនីរតន៍ បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ធ្វើឡើងដើម្បីពង្រឹងការងារគ្រប់គ្រង និងការបង្រៀនសមណសិស្ស ផ្នែកពុទ្ធិកសិក្សានៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តបាត់ដំបងនេះ ក្នុងគោលបំណងឲ្យមន្រ្តីធម្មការក្រុងស្រុក ធ្វើកិច្ចការជំនាញរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរ វាគ្មិនដែលជាគ្រូឧទ្ទេស បានឡើងធ្វើបទបង្ហាញតាមរយៈការបញ្ចាំងស្លាយ និងពន្យល់លម្អិតពីការងារថ្មីដែលត្រូវកំណែរទម្រង់ពីថ្នាក់ក្រសួងនិងព្រមទាំងមានសំនួរ ចម្លើយ ដែលតម្រូវឲ្យ សិក្ខាកាម ជាមន្រ្តីដែលមកចូលរួមវគ្គបណ្តុះបណ្តាលមួយចំនួន មានចម្ងល់បានឡើងសួរ និងមានការបកស្រាយចម្លើុពីវាគ្មិនយ៉ាងក្បោះក្បាយផងដែរ។
នៅក្នុងអង្គឱកាសនោះដែរ លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថា ដើម្បីពង្រឹងគុណភាពការងារគ្រប់គ្រង និងការបង្រៀនសមណសិស្ស ផ្នែកពុទ្ធិកសិក្សានៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តបាត់ដំបងនេះ លោកស្រីបានសង្កត់ធ្ងន់ថា រយៈពេលកន្លងមក តែងតែមានកើតឡើងភាពមិនប្រក្រតីចំពោះព្រះសង្ឃមួយចំនួនតូច ដែលបានធ្វើខុស ហើយធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសន៍ ដែលជាសាសនារបស់រដ្ឋ និងត្រូវកែប្រែកុំឲ្យមានរឿងណាមិនល្អកើតឡើងបន្តទៀត ព្រោះអាណាចក្រ និងពុទ្ធចក្របានផ្សាភ្ជាប់
គ្នារហូតមក។
លោក កែវ រតនៈ បានផ្តាំផ្ញើនៅបញ្ចប់វគ្គប្រគេនព្រះតេជគុណ និងដល់មន្រ្តីធម្មការ ក្រុង ស្រុក ទាំងអស់ថា បន្ទាប់ពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សូមសិក្ខាកាមទាំងអស់ យកចំណេះដឹងទាំងអស់នេះទៅអនុវត្តការងារនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ផងដែរ៕