(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដឹកនាំបញ្ជាផ្ទាល់ឲ្យមន្ត្រីពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច បន្តដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ លើមធ្យោបាយធ្វើដំណើរផ្សេងៗ តាមផែនការសាលារាជធានីភ្នំពេញ ក្នុងគោលបំណងទប់ស្កាត់បទល្មើសចោរកម្ម លួច ឆក់ ប្លន់ ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ក្រៅពីបន្តចាត់វិធានការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមផែនការណែនាំរបស់សាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ មុខទេពប្រណម នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក៏បានបញ្ជាកម្លាំងដាក់ពង្រាយចុះយាមល្បាតគ្រប់ច្រកល្ហក តាមភូមិសាស្ត្រសង្កាត់ទាំង៧ផងដែរ ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូបានសម្រេច ចំនួន២នាក់ ដើម្បីចាត់ការតាមនិតិវិធី។
លោក ជា ពិសី បានគូសបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការរួមក្នុងការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះយាមល្បាតគ្រប់ច្រកល្ហកតាមភូមិសាស្ត្រ សង្កាត់ទាំង៧ តាមផែនការរបស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណងទប់ស្កាត់បទល្មើសចោរកម្ម លួច ឆក់ ប្លន់ ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលជាលទ្ធផល ពុំមានអ្វីគួរកត់សម្គាល់នោះទេ ក្រៅពីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូបានសម្រេចនៅសង្កាត់ឫស្សីកែវ រត់មកសង្កាត់គីឡូម៉ែត្រលេខ៦ ចំនួន២នាក់ ដើម្បីចាត់ការតាមនិតិវិធី៕