(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រកាសតែងតាំងលោក ថេង សុថុល អភិបាលខណ្ឌចំការមនជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន ជំនួសលោក ឡូ យុយ។
លោក ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន មិនដាច់ពីមាត់ដោយលោក ថេង សុថុល បានខិតខំបំពេញការងារដោយមិនគិតពីការនឿយហត់ក្នុងការបម្រើជូនប្រជាជននិងការងារបក្ស។
ជាមួយគ្នានេះលោក ប៉ា សុជាតិវង្ស ក៏បានរំលឹកជូនសមាជិកសមាជិកាគណបក្សជាច្រើនរូប ដែលបានចូលរួមក្នុងពិធីប្រកាសតែងតាំង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន អំពីមេរៀនជ័យជំនះ ដែលគណបក្សប្រជាជនកម្ពុជា សំរេចបានបន្តបន្ទាប់កន្លងមក គឺផ្អែកលើលក្ខណៈសម្បត្តិ៤យ៉ាង៖
*ទី១៖ គណបក្សបានដាក់ចេញគោលនយោបាយ ត្រឹមត្រូវសមស្របនឹងស្ថានភាពជាក់ស្ដែង នៃដំណាក់កាលនីមួយៗ និងស្របតាមបំណងប្រាថ្នារបស់ប្រជាជន
*ទី២៖ គណបក្ស មានធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព នឹងហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ
*ទី៣៖ គណបក្ស មានការគាំទ្រ ពីប្រជាជនមហាជនជានិច្ចកាល
*ទី៤៖ គណបក្សបានថែរក្សា និងពង្រឹងជាប់ជាប្រចាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទូលំទូលាយនៃប្រជាជាតិទាំងមូល។
នាឱកាសនោះលោក ថេង សុថុល បានធ្វើការប្តេជ្ញាចិត្តពង្រឹងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ របស់គណបក្សខណ្ឌ ហើយគណបក្សខណ្ឌកន្លងមក ទទួលបានជោគជ័យ នាពេលបោះឆ្នោតកន្លងមក គឺដោយសារតែកក្តា៤យ៉ាងសំខាន់ដូចជា មានការគោរពវិន័យបានល្អ, មានសាមគ្គីរឹងមាំជាធ្លុងមួយ, អំពើល្អរបស់មន្ត្រីបក្ស ក៏ដូចជា មន្ត្រីរបស់រាជរដ្ឋាភិបាលជាមួយនិងប្រជាជន ដូច្នេះកត្តាទាំងអស់នេះ ដែលធ្វើឲ្យគណបក្សខណ្ឌទទួលបានជោគជ័យរហូតនោះ ធ្វើឲ្យថ្នាក់លើមានទំនុកចិត្ត បន្ថែមទៀតលើថ្នាក់ក្រោម។
ផ្ដើមចេញពីមេរៀនពិសោធន៍ខាងលើនេះ គណបក្សគ្រប់ថ្នាក់ ត្រូវតែពង្រឹងរបៀបរបបធ្វើការងារ, គោរពលក្ខន្តិកៈបក្សឲ្យបានត្រឹមត្រូវ, ប្រជុំជីវភាពបានទៀងទាត់ ដើម្បីធានាភាពរឹងមាំ របស់គណបក្សទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង៕