(បាត់ដំបង)៖ ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីគម្រោង GMS TIIG No.3194-CAM និងការសហការជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំសុខដុមនីយកម្មស្ថិតិទេសចរណ៍ នៃមហាអនុតំបន់មេគង្គលើកទី៣។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង រដ្ឋសកិ្ត អគ្គនាយកនៃក្រសួងទេសចរណ៍ និងមានការចូលរួមពីប្រទេសជាសមាជិកចំនួន៤៖ កម្ពុជា ឡាវ ភូមា និងថៃ ក្នុងនោះ ក៏មានវត្តមានតំណាងការិយាល័យសម្របសម្រួលមេគង្គ (MTCO) ប្រចាំនៅប្រទេសថៃ ផ្នែកឯកជន ក្រសួង មន្ទីរពាក់ព័ន្ធសរុបចំនួន ៣៧នាក់។
កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលនៃកិច្ចប្រជុំសុខដុមនីយកម្មស្ថិតិទេសចរណ៍ មហាអនុតំបន់មេគង្គលើកទី១ នៅខេត្តសៀមរាប ឆ្នាំ២០១៦ និងលើកទី២ នៅខេត្តកំពត កាលពីខែសីហា ឆ្នាំ២០១៨ កន្លងមក។
កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសទៅលើគោលការណ៍គន្លឹះ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជួយដល់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ស្វែងយល់ពីសារៈសំខាន់នៃការប្រមូលទិន្នន័យស្ថិតិទេសចរណ៍ឲ្យមានលក្ខណៈរួមគ្នា។
២៖ ជំរុញឲ្យប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ កែតម្រូវទៅលើដំណើរការរៀបចំស្ថិតិទេសចរណ៍តាមប្រទេសនីមួយៗ និងទម្រង់បែបបទសម្រាប់ការធ្វើរបាយការណ៍។
៣៖ គាំទ្រដល់ការជ្រើសរើស និងបង្កើតទម្រង់ស្ថិតិទេសចរណ៍រួមគ្នា (Dashboard) ដើម្បីវាស់ស្ទង់ពីការអនុវត្តជាក់ស្តែងក្នុងវិស័យទេសចរណ៍ នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ។
៤៖ ពិភាក្សាអំពីជម្រើសសម្រាប់ការផ្តល់មូលនិធិគាំទ្រដល់គម្រោងស្ថិតិទេសចរណ៍រួមគ្នា។
កិច្ចការនេះនឹងលើកទៅពិភាក្សាជាមួយប្រទេសជាមាជិកក្នុងមហាអនុតំបន់មេគង្គបន្ថែមទៀត ក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៤៤ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕