(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា បានអញ្ជើញទៅដល់ព្រលានយន្តហោះខេត្តសៀមរាបហើយ ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នខ្មែរ។
វត្តមានរបស់ ប្រធានាធិបតីស្រីលង្កានៅខេត្តសៀមរាប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ អភិបាលខេត្តនេះ គឺ លោក ទៀ សីហា រួមទាំងមន្រ្តីមូលដ្ឋានជាច្រើនទៀត។
សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោកបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕