(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តស្ទឹងត្រែង បន្ថែមទៀត។
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដដឹកនាំកិច្ចប្រជុំ បូកសរុបការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តរតនគិរី ខណៈកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ បានដឹកនាំកិច្ចប្រជុំរួចរាល់ នៅខេត្តមណ្ឌលគិរី។
ដោយឡែក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ រយៈពេលពេញមួយថ្ងៃ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចម្រុះ ដែលមានការពាក់ព័ន្ធអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់ នាពេលកន្លងទៅ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យដុតកម្ទេចចោលរថយន្ដបាកុងដឹកឈើ ជាង២០គ្រឿង ដែលបង្ក្រាបបាននាពេលកន្លងទៅ ហើយក្រុមការងារបានកាត់ជាកំណាត់ៗ រួចរាល់ ត្រៀមធ្វើការបំផ្ទុះជាមួយម្សៅ TNT ដើម្បីបំផ្លាញចោល និងចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី៕