(ភ្នំពេញ)៖ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានហោះចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។
ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
តាមការគ្រោងទុកបន្ទាប់ពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នហើយនោះ លោកប្រធានាធិបតី នឹងត្រូវទទួលអាហារថ្ងៃត្រង់ រៀបចំដោយលោកអភិបាលខេត្ត ហើយនៅពេលរសៀល លោកនឹងអញ្ជើញទស្សនានៅសិប្បកម្មផលិតវត្ថុសិល្បៈ នៅខេត្តសៀមរាប មុននឹងត្រឡប់មករាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោកបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕