(ព្រះសីហនុ)៖ ក្រុងព្រះសីហនុបានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យលិចនៅតំបន់មួយចំនួនដូចជា នៅជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត ក្នុងសង្កាត់លេខ៤។
ទឹកដែលហូរមិនទាន់នេះ បានលិចតាមដងផ្លូវ និងលិចចូលក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងជ្រៅ។ យោងតាមវីដេអូឡាយនៅលើបណ្តាញសង្គម Facebook គេបានឃើញប្រជាពលរដ្ឋបានដើរទៅរកទីទួលសុវត្ថិភាព មិនបានសម្រាននោះឡើយ។ ខណៈទ្រព្យសម្បត្តិប្រើប្រាស់ផ្សេងៗ រួមទាំងរថយន្ត ម៉ូតូ ត្រូវទឹកជន់លិចបណ្តាលឱ្យខូចខាតផងដែរ។
នៅយប់មិញនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានចេញជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងជួយជម្លៀសប្រជាពលរដ្ឋផងដែរ។ មកដល់ព្រឹកនេះក្រៅតែពីការខូចខាតទ្រព្យសម្បត្តិ មិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ។
មន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកអស់ហើយ តែនៅតំបន់មួយចំនួនក៏ស្រកមិនទាន់អស់នៅឡើយ៕