(ព្រះសីហនុ)៖ ក្នុងពេលអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី «ជំរុញការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព» នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រសួងបរិស្ថាន បានលើកឡើងពីការគាំទ្រដល់ការលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបង្កើតជាបណ្តាញសហគមន៍ គឺជាឱកាសនៃការជួបសន្ទនាជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងជួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិឱ្យមានការរីកចំរើន។ ដោយមើលឃើញនូវសារ:សំខាន់នៃតួនាទីភារកិច្ច និងទំហំការងារ របស់សហគមន៍ ក្រសួងបរិស្ថាន បានសម្រេចបង្កើតអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយផ្តោតសំខាន់លើ៖
១. ជីវភាពសហគមន៍សំដៅដល់ការធានាបាននូវសន្តិសុខស្បៀង ការអប់រំ និងសុខភាពអនាម័យ
២. ទេសចរណ៍ធម្មជាតិ សំដៅការទាក់ទាញឱ្យបាននូវកំណើនទេសចរណ៍ក្នុងស្រុក បង្កើនចំណូលសហគមន៍ និង
៣. បេតិកភណ្ឌ សំដៅធានាបានការការពារ និងអភិរក្សតំបន់បេតិកភណ្ឌដើម្បីទាក់ទាញទេសចរណ៍ធម្មជាតិ។
លោក សាយ សំអាល់ បានលើកឡើងថា ក្រសួងបរិស្ថាន បានចូលរួមលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការពង្រឹងសន្តិសុខស្បៀង និងការផ្តល់អាហារូបត្ថម្ភ តាមរយៈការផ្តល់ពូជសត្វ បន្លែ និងបច្ចេកទេស ដល់សហគមន៍មួយចំនួន ដែលជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ការពារធម្មជាតិ កាត់បន្ថយសំពាធលើការប្រើប្រាស់ធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ចាក់បន្ថែមថា ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមសំខាន់ថែមទៀត ដល់ការលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក សាយ សំអាល់ បានជំរុញឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយទីភ្នាក់ទេសចរណ៍ និងការផ្សព្វផ្សាយតំបន់សក្តានុពលធនធានធម្មជាតិ ដើម្បីពង្រីកវិស័យទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តគាំទ្រមូលនិធិបរិស្ថាន ដល់សហគមន៍ ដើម្បីការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព ជាពិសេសជួយផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សកូនចៅប្រជាពលរដ្ឋ នៅតាមសហគមន៍ការពារធម្មជាតិ ឱ្យមានជំនាញ និងវិជ្ជាជីវៈ អាចទទួលបានការងារប្រសើរថែមទៀត ជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ធនធានធម្មជាតិឱ្យមានការរីកចំរើន។ នៅក្នុងឱកាសនេះ លោក សាយ សំអាល់ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ ជួយគាំទ្រការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម នៅតាមសហគមន៍។ នៅក្នុងទិសដៅខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យមានការចូលរួមចំណែករបស់សហគមន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរថែមទៀត ដើម្បីការគ្រប់គ្រង និងប្រើប្រាសធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី «ជំរុញការចូលរួមក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព» រយៈពេល២ថ្ងៃចាប់បីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត បណ្តាញសហគមន៍ និងស្ថាប័នពាក់ព័ន្ធប្រមាណ ២៥០នាក់។ ការរៀបចំគ្រប់គ្រងតំបន់ការពារធម្មជាតិ តាមការៀបចំបណ្តាញសហគមន៍មូលដ្ឋាន ចូលរួមពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍន៍ និងអភិរក្សតំបន់បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តការជាមួយដៃគូក្នុងអនុវត្តគម្រោងនានា គាំទ្រដល់ភាពុងរឿងរបស់សហគមន៍។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានសម្រេចការងារជាច្រើន ដូចជាការបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ដែលមានប្រជាពលរដ្ឋចំនួន ៤៥ ២៦៧ គ្រួសារចូលរួមជាសមាជិក មានផ្ទៃដីសរុបចំនួន ២៨៦ ០៥២ហិកតា នៅក្នុងតំបន់ការពារធម្មជាតិចំនួន ២៧ នៃតំបន់ការពារធម្មជាតិទាំង ៥៦ ហើយក៏បានរៀបចំ បោះឆ្នោតជ្រើសរើសគណៈកម្មការបណ្តាញសហគមន៍មូលដ្ឋានចំនួន ៣៤ (សម្រាប់តំបន់ការពារធម្មជាតិ) ដែលមានសមាជិកទាំងអស់២១៦រូប ក្នុងនោះមានស្ត្រី២៦រូប គណៈកម្មការបណ្តាញ សហគមន៍តំបន់ចំនួន ៣ (សម្រាប់តំបន់ខាងជើង ខាងត្បូងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ)។ រីឯការងារកិច្ចសហប្រតិបត្តិវិញ ក៏បានរៀបចំគម្រោងជាច្រើន ដែលផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សមាជិកសហគមន៍៕