(កំពង់ធំ)៖ ស្ត្រីភាគច្រើន ត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិ ក្នុងការចូលរួមកិច្ចការងារសង្គមផ្សេងៗ ប៉ុន្តែបើតាមការសង្កេតឃើញថា ចំនួនស្ត្រីនៅតែស្ថិតនៅកម្រិតទាបដដែល។ តើបញ្ហាប្រឈមអ្វីខ្លះ ដែលធ្វើឲ្យចំនួនស្ត្រី នៅតែមានកម្រិត ក្នុងការចូលរួមអភិវឌ្ឍសង្គម? បច្ចុប្បន្នស្ត្រី ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិឲ្យចូលរួមក្នុងកិច្ចការងារសង្គមផ្សេងៗ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនឹងសកម្មភាពផ្សេង របស់អង្គការសង្គមស៊ីវិលមួយចំនួន។

ជាក់ស្ដែង នៅថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ រដ្ឋបាលសាលាស្រុកកំពង់ស្វាយ បានបើកវេទិកាស្ដីពី ស្ត្រីក្នុងថ្នាក់សម្រេចចិត្ត លើការលើកកម្ពស់អភិបាលកិច្ចល្អ មូលដ្ឋានល្អ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ទត គឹមភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ និងមានការអញ្ជើញចូលរួម ពីក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់ស្វាយ ប្រមាណជាង១០០នាក់ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពី (USAID) តាមរយៈអង្គការសីលការ។

​​លោក កើត ថេង នាយកអង្គការអ្នកអភិវឌ្ឍន៍សហគមន៍ បានថ្លែងថា ទោះបីជាមានការផ្ដល់ឱកាស និងយកចិត្តទុកដាក់ ឲ្យស្ត្រីចូលរួមក្នុងកិច្ចការងារយ៉ាងណាក៏ដោយ គេសង្កេតឃើញចំនួនស្ត្រី ហាក់នៅមានកម្រិតដដែល
ក្នុងនោះ មានកត្តាជាច្រើន ដែលធ្វើឲ្យស្ត្រីនៅមានកម្រិតដូចជាកត្តាចំណេះដឹង គឺផ្តោតសំខាន់លើស្ត្រី កាលពីក្នុងអំឡុងពេល សិក្សាភាគច្រើនបានបោះបង់ការសិក្សា ដោយសារបញ្ហាជីវភាពគ្រួសារក្រីក្រនេះ ជាមូលហេតុ ដែលធ្វើឲ្យស្ត្រី មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលយកនូវមុខតំណែងសំខាន់ៗណាមួយ តាមផ្នត់គំនិត គឺ​ប្រជាពលរដ្ឋនៅតាមទីជនបទមួយចំនួន តែលើកឡើង និងប្រកាន់ផ្នត់គំនិតមួយថា «រៀនសូត្រធ្វើអីមុន និងក្រោយ គង់តែធ្វើជាប្រពន្ធគេហើយនៅផ្ទះមើលកូនដដែល»។

លោកថា នេះក៏ជាបញ្ហាមួយ ដែលធ្វើឲ្យស្ត្រីខ្វះការពិចារណា និងទទួលយកនូវផ្នត់គំនិតដ៏ចាស់គំរឹលមួយនេះ ម្យ៉ាងទៀត លោកក៏បានអំពាវនាវ និងសំណូមពរដល់ស្ត្រីទាំងអស់ សូមចូលរួមការងារសង្គមឲ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន និងអភិវឌ្ឍន៍ការរីកចម្រើនរបស់ប្រទេសជាតិ ដោយមានការលើកកម្ពស់យកស្ត្រី ជាមាតាពិភពលោក និងស្ត្រីមានទំនួលខុសត្រូវខ្ពស់ ក្នុងការងារសង្គមជាតិ។

លោកស្រី ខែម ស្រីមុំ តំណាងអង្គការសីលការ បានបញ្ជាក់ថា ស្ត្រីគួរបញ្ជៀសបញ្ហាប្រឈមទាំងនេះ ដោយងាកមកបង្កើនសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមកិច្ចការងារសង្គម ដើម្បីទទួលបានបទពិសោធន៍ មុនឈានជើងចូលប្រឡូកលើកិច្ចការងារជាតិសំខាន់ៗនានា។ បោះបង់នូវផ្នត់គំនិតចាស់គំរឹល ដែលស្ត្រីបង្វិលចង្ក្រានមិនជុំ ឬចាំនៅតែផ្ទះមើលកូន ដោយជំនួសមកវិញ នូវការសិក្សានឹងត្រូវគិតថាអ្វី ដែលបុរសធ្វើបានស្ត្រី ក៏ធ្វើបានដូចគ្នា។

លោកស្រី ទត គឹមភារិន្ទ ក៏បានលើកឡើងថា ការខិតខំជ្រោមជ្រែងពីរដ្ឋាភិបាល និងគណបក្សនយោបាយ រួមទាំងអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលមួយចំនួន បានរៀបចំយុទ្ធនាការ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងផ្ដល់ការលើកទឹកចិត្តផ្សេងៗផង សម្រាប់អង្គការក្រៅរដ្ឋាភិបាល ក៏ធ្លាប់បានដាក់ចេញនូវផែនការគាំទ្រ​៥​ឆ្នាំ របស់ខ្លួននៅតាមបណ្ដាលខេត្តគោលដៅមួយចំនួន ដែលផ្ដោតសំខាន់លើបញ្ហាស្ត្រី និងកុមារទាំងនេះ សុទ្ធតែជាការលើកទឹកចិត្ត និងជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានចាត់ទុកថា ស្ត្រីមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ដូចបុរស ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ៕