(ចិន)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមវេទិកានវានុវត្តន៍ បណ្តាញនាពេលអនាគតរបស់បណ្តាប្រទេស BRICS «BRICS Future Network Innovation Forum» នៅទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានចូលរួមនៅក្នុងវេទិកានវានុវត្តន៍ បណ្តាញនាពេលអនាគត របស់បណ្តាប្រទេស BRICS និងបានឡើងថ្លែងសុន្ទរថា គន្លឹះជម្រាបជូនពីការរីកចម្រើន និងគោលនយោបាយរបស់កម្ពុជា លើវិស័យបច្ចកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជាពិសេសបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនៃហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្លើយតបនឹងតម្រូវការកើនឡើង នៃបណ្តាញទំនាក់ទំនងព័ត៌មាន ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពការប្រកួតប្រជែង ក្នុងវិស័យទូរគមនាគមន៍។
លើសពីនេះទៀត ការប្រើប្រាស់ទូរស័ព្ទចល័ត និងអ៊ីនធើណិតនៅកម្ពុជា មានការកើនឡើងជាលំដាប់ ដោយចំនួននៃការចុះឈ្មោះប្រើប្រាស់អ៊ីនធើណិតមានប្រហែល១៣.៦លាននាក់ ស្មើនឹង៨៣% នៃប្រជាពលរដ្ឋសរុប។
លោករដ្ឋមន្ត្រី បានបន្តទៀតថា វេទិកានេះ គឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នា ក្នុងការរួមគ្នាបង្កើតបណ្តាញនាពេលអនាគត ដែលមានការតភ្ជាប់ និងស្វែងរកចក្ខុវិស័យថ្មីៗ ដែលទទួលបានពីការផ្លាស់ប្តូរឌីជីថល និងចែករំលែកការអនុវត្តល្អៗ វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងជួយឲ្យសម្រេចបានលទ្ធផលជោគជ័យ និងទាន់ពេលវេលា។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងគណៈប្រតិភូ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោក CHEN Zhaoxiong អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការកសាងគោលនយោបាយ 5G និងកិច្ចបន្តសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាញ ការស្រាវជ្រាវលើវិស័យ ICT និងនវានុវត្តន៍ និងសន្តិសុខព័ត៌មាន ក៏ដូចជាការការពារទិន្នន័យផងដែរ។ ប្រទេសចិន គ្រោងនឹងដាក់ឲ្យដំណើរការប្រពន្ធ័ 5G នៅក្នុងឆ្នាំ២០១៩នេះ ហើយនឹងបន្តពង្រីកវិសាលភាព ឲ្យបានគ្រប់តំបន់ទូទាំងប្រទេស។
លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ច ទីស្នាក់ការក្រុមហ៊ុន Hauwei និងក្រុមហ៊ុន ZTE ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនផងដែរ៕