(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កំពុងតែផ្អើលថតចម្លង (COPY) អត្តសញ្ញណប័ណ្ណប្រគល់ទៅឲ្យឈ្មួញ ១ក្រុម រួចផ្តិតមេដៃទទួលប្រាកកក់ ដោយគ្រួសារខ្លះទទួលបាន ១០០ដុល្លារ ឬក្រោម១០០ដុល្លារ ឯខ្លះទៀត ក៏ទទួលបានជាង ១០០ដុល្លារ ឬជិត២០០ដុល្លារ ទៅតាមសមាជិកគ្រួសារ។
ក្រុមឈ្មូញប្រើរូបភាពបែបនេះ ជាថ្នូរ និងការទទួលខុសត្រូវលើការលក់ដីបឹងដូចជា៖ បឹងខ្វែងអាបាវ បឹងក្លែងបាយក្អែក បឹងអូរជន្លា បឹងអូរលោកយាយ បឹងទួលបាក់កាំភ្លើង និងបឹងជ្រោយបបុស ស្ថិតនៅក្នុងអតីតឡូត៍នេសាទលេខ៦ ដោយលក់ទៅឲ្យឈ្មួញ១ក្រុម ដែលអ្នកមានលុយនៅក្រោយលើការទិញដីបឹងទាំងនេះ។ ការប្រមូលទិញនេះ ចាប់ធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលយកផ្ទះប្រជាពលរដ្ឋ ១កន្លែង នៅខាងត្បូងគល់ស្ពានអ្នកលឿង ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ជាកន្លែងជួបជុំទទួលប្រាក់កក់ និងឯកសារជាអត្តសញ្ញាណប័ណ្ណពលរដ្ឋ។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំ បាននិយាយថា មានគេមកដើរបំផុសឲ្យទៅទទួលលុយ គ្រាន់តែភ្ជាប់ទៅជាមួយនៅអត្តសញ្ញាណប័ណ្ណហ្វូតូ នៃសមាជិកគ្រួសារនីមួយៗ បានឲ្យផ្តិតមេដៃទទួលលុយ។
ប្រជាពលរដ្ឋ បាននិយាយថា «ពួកគាត់ក្រីក្រ ពេលមានគេឲ្យលុយ ចេះតែទៅយកហើយ ព្រោះពួកគាត់ត្រូវការលុយសម្រាប់គ្រួសារពួកគាត់ ប៉ុន្តែពួកគាត់អត់ដឹងលុយគេឲ្យនោះ ជាទឹកចិត្តសប្បុរសជន ឬក៏ជាលុយអ្វីនោះទេ ប៉ុន្តែក្រោយផ្តិតមេដៃទទួលលុយនោះរួច ទើបដឹងថា ជាថ្នូរនិងការលក់ដីបឹង ក្នុងអតីតដែនឡូតិ៍នេសាទលេខ៦ទៅវិញ»។
ពលរដ្ឋបានបន្តថា ដីនៅចំណុចអតីតដែនឡូតិ៍នេសាទលេខ៦នេះ ពួកគាត់អត់មាននោះទេ បើមានហើយធ្លាប់អាស្រ័យផលនោះមានតែដីចិញ្ចើមមាត់បឹងបន្តិចបន្តួចតែប៉ុណ្ណោះ ព្រោះអតីតដែនឡូតិ៍នេសាទលេខ៦នេះ ពោរពេញទៅដោយព្រៃលិចទឹក ណែនណាន់តាន់តាប់ ជាជម្រកត្រីពងកូន ទោះបីជាប្រជាពលរដ្ឋទៅកាប់ស្ការ ក៏អាជ្ញាធរ ឬមន្ត្រីជលផល ជាពិសេសថៅកែធ្វើឡូតិ៍ឃាត់មិនឲ្យកាប់ស្ការនោះដែរ ទើបនៅចំណុចអតីតដែនឡូតិ៍នេសាទលេខ៦ ពុំមានអ្នកកាន់កាប់ដីនោះទេ បើមានក៏មានតិចបំផុតដែលអាចកាន់កាប់បាន។
ពលរដ្ឋឃុំកំពង់ភ្នំដដែល បាននិយាយទៀតថា ដីបឹងនៅចំណុចអតីតដែនឡូតិ៍នេសាទលេខ៦នេះ គឺមានទំហំរាប់ពាន់ហិកតា ដែលសុទ្ធសឹងតែជាដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនដ៏សំខាន់មួយ នៃដៃទន្លេមេគង្គដោយមានព្រែកតភ្ជាប់ជាច្រើនផងដែរ។ ប៉ុន្តែបើមានឈ្មួញមានមហិច្ឆារំលោភយកដីបឹងទាំងនេះ ហើយអាជ្ញាធរ ឬជំនាញ ក្រសួងមិនធ្វើការទប់ស្កាត់នោះធនធានធម្មជាតិ ត្រូវប្រឈមការវិនាស បាត់បង់គ្មានសល់នោះទេ ព្រោះតែជម្រករបស់ដែលពូជត្រីធ្លាប់មកបង្កបង្កើតកូននោះ ត្រូវក្រុមឈ្មួញប៉ុន្មាននាក់ បំផ្លាញខ្ទេចគ្មានសល់។
បើតាមប្រជាពលរដ្ឋ បឹងខ្វែងអាបាវ បឹងក្លែងបាយក្អែក បឹងអូរជន្លា បឹងអូរលោកយាយ បឹងទួលបាក់កាំភ្លើង និងបឹងជ្រោយបបុស នៅខែវស្សាមានជម្រៅទឹកមិនក្រោម ៥ម៉ែត្រនោះទេ ហើយធនធានមច្ឆាជាតិច្រើន មិនចាញ់បឹងទន្លេសាបនោះទេ គឺមានគុណប្រយោជន៍ធំធេងណាស់ សម្រាប់ពលរដ្ឋស្រុកលើកដែក ស្រុកកោះធំ ស្រុកស្អាង និងស្រុកកៀនស្វាយ ជួយទ្រទ្រង់ជីវភាពបងប្អូនប្រជានេសាទ ក្នុងស្រុកទាំងបីឲ្យរួចផុតពីភាពក្រីក្រ ចុះបើសិនជាធនធានទាំងនេះវិនាសនោះ តើពលរដ្ឋប៉ុន្មានពាន់គ្រួសារជួបការលំបាកនោះ បែរជាក្រុមឈ្មួញប្រមាណ ១០ទៅ២០នាក់ ត្រេកត្រអាលពីការបំផ្លាញធនធានធម្មជាតិទាំងនេះទៅវិញ។
ពលរដ្ឋសំណូមពរដល់ជំនាញពាក់ព័ន្ធជួយទប់ស្កាត់ជាបន្ទាន់ ចំការរំលោភបំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកលើកដែកនេះ ដើម្បីជួយសង្គ្រោះធន់ធានមច្ឆាជាតិយើងឲ្យសំបូរ ឡើងវិញ និងជួយបង្កើនជីវភាពប្រជាអ្នក នេសាទឲ្យកាន់តែធូរធាផងដែរ ព្រោះពួកគាត់រំពឹងតែលើរបរនេសាទតែប៉ុណ្ណោះ៕