(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងនូវការអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន ទទួលជួបលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ប្រចាំ កម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបេសកកម្ម ការទូតរបស់លោក រយៈពេល ០៣ឆ្នាំ ត្រូវបានបញ្ចប់។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនតាមរយៈគម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យកសិកម្ម រាជ រដ្ឋាភិបាលជប៉ុន ក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។
ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗ ដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ត្រូវបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ហើយរចនាសម្ព័ន្ធទាំងអស់នោះហើយ គឺជាសរសៃឈាមរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។
លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈលោកឯកអគ្គរាជទូតថ្មី នឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ឲ្យមានការរីកចម្រើនបន្ថែមទៀត នាពេលអនាគត។
លោក Hidehisa HORINOUCH បានថ្លែង អំណរគុណជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានជួយសហការបានយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងនានា ទាក់ទងគម្រោងអភិវឌ្ឍវិស័យកសិកម្ម។
លោកថា ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុងអនុវត្តប្រកបដោយផ្លែផ្កា ហើយសង្ឃឹមថា គម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រលើកទឹកចិត្ត និងជូនពរដល់លោករដ្ឋមន្រ្តី និងសហការី ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអំឡុងពេលបេសកកម្មដ៏ធំធេង ក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យមួយនេះនាពេលអនាគត។
លោករដ្ឋមន្រ្តីជាថ្មីម្តងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឯកអគ្គរាជទូត និងសហការី សម្រាប់គ្រប់បែបយ៉ាងទាំងការងារការទូត ការងារសង្គម និងបច្ចេកទេស ដែលលោកឯកអគ្គរាជទូត បានលះបង់ដើម្បីជាតិ និងប្រជាជនកម្ពុជា ហើយបានជូនពរលោក និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មការទូតរបស់លោក៕