(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានចេញលិខិតគាំទ្រ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ នេះបើតាមលិខិតគាំទ្រ របស់ CMA ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតគាំទ្រ បានបញ្ជាក់ថា «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ លេខ១១២ អនក្រ.បក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ទៀតថា អនុក្រឹត្យនេះ គឺសំដៅធានាឲ្យមានថ្ងៃបំពេញការងារគ្រប់គ្រាន់ សម្រាប់មន្រ្តីរាជការ និយោជិត កម្មករ ដើម្បីទទួលបានផលិតភាពការងារខ្ពស់ និងសមិទ្ធផលជាច្រើន ផ្សេងទៀត នៅក្នុងឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមគាំទ្រការដាក់ចេញ នូវគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងគ្រឹះស្ថានមីក្រូហិរញវត្ថុ ដែលជាសមាជិកសមាគម ប្រមាណ១០០គ្រឹះស្ថាន បាននិងកំពុងផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់ ជូនប្រជាជនកម្ពុជា ចំនួនប្រមាណ២លានគ្រួសារ៕