(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានដាក់ឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការរំខានដោយបញ្ហាកកស្ទះចរាចរណ៍។
អភិបាលរាជធានីភ្នំពេញ បានចាត់ទុកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកំពុងដាក់ឲ្យដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយ បញ្ហាកកស្ទះចរារចណ៍ ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ អាចបញ្ជាចរាចរណ៍ពីចំងាយ មិនឲ្យកកស្ទះយូរ ហើយអាចបញ្ជាទិសចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសម្មិទ្ធិផលនានា ដែលបានសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ឥតសំណង របស់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា គម្រោងនេះគឺមានភាពវ័យឆ្លាត តាមរយៈការតម្លើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន១១៥ទីតាំង ការបំពាក់កាំមេរ៉ាចាប់យករូបភាពចរាចរណ៍ ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ដើម្បីងាយ ស្រួលក្នុងការបញ្ជាចរាចរណ៍ពីចំងាយ។
លោកបានអះអាងថា ការបង្កើតគម្រោងគ្រប់គ្រង ប្រព័ន្ធចរាចរណ៍នេះឡើង គឺជាវិធានការដោះស្រាយចំពោះមុខ ខណៈដែលក្នុងរាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរកើនឡើងខ្លំាង រហូតដល់ជាង២លានគ្រឿង ដែលបង្កការកកស្ទះជាងរាល់ថ្ងៃ។
សូមបញ្ជាក់ថា «ស្ថិតិយានយន្តនៅរាជធានីភ្នំពេញ មានរហូតដល់ជាង ២លានគ្រឿងក្នុងនោះ រថយន្តជាង ៥សែនគ្រឿង ម៉ូតូមានជាង ១លានសែនគ្រឿង ហើយបើយកយានយន្តទាំងនោះ មកតម្រៀគ្នា នៅលើផ្លូវក្នុងរាជធានីភ្នំពេញ គឺដាក់មិនអស់ទេ»។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព។
លោកបានបន្តថា គម្រោងនេះរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងរហូតដល់ជាង ១៥លាន ៧សែនដុល្លារ ហើយត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។
គួររំលឹកថា មូលហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញកន្លងមកនេះ ដោយសារតែប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់ចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ មិនទាន់បានល្អកង្វះខាតនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា៖ រថយន្តក្រុង រថភ្លើងអាកាសប្រភេទ Skytrain AGT Tramway រថភ្លើងក្រោមដី Subway កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ផ្លូវល្បឿនលឿនកង្វះខាតចំណតរថយន្តសាធារណៈ និងការរៀបចំប្រព័ន្ធចរាចរណ៍នៅមានកម្រិត កង្វះខាតការដាក់ផ្លូវឯកទិស ផ្លូវថ្មើរជើង ការលក់ដូរលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវជាដើម៕