(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឧត្ដមសេនីយ៍ទោ ហ័ង វ៉ាន់ មិញ (HOANG VAN MINH) ជានាយកវិទ្យាស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនៃកិច្ចជំនួបពិភាក្សានេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងបញ្ជាក់ថា៖
*ទី១៖ កម្ពុជាប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស
*ទី២៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពេលបច្ចុប្បន្នមានសន្តិភាព និងការអភិវឌ្ឍន៍។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការជួយបណ្ដុះបណ្ដាល ធនធានមនុស្ស និងសូមឱ្យរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ នៃប្រទេសវៀតណាមជួយបន្តបណ្ដុះបណ្ដាលធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទបន្តទៀត៕